ស្នងការ​រាជធានី​ភ្នំពេញ​ព្រមាន​ដល់​នគរបាល​ក្រុង​ដែល ទារលុយ​ពី​ប្រជាពលរដ្ឋ​លើ​សេវា​សាធារណៈ​

200

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការព្រមាននិងចាត់វិធានការចំពោះអធិការខណ្ឌទាំង១២ ឬមន្ត្រីនគរបាលណាម្នាក់ដែលទារលុយពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅពេលដែលពួកគាត់ទៅធ្វើសៀវភៅ ឬប័ណ្ណគ្រួសារ ជាពិសេសអត្តសញ្ញាណប័ណ្ណ។

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ព្រមានដូចនេះ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា រឿងនេះលោកបានដាក់បទបញ្ជាតាំងពីមកកាន់ជាស្នងការរាជធានីភ្នំពេញមកម្ល៉េះ ប៉ុន្តែ នៅតែមានមន្ត្រីនគរបាលមួយចំនួន លេចលឺនូវបាតុភាពអសកម្ម ដែលនាំឱ្យមានការថ្នាំងថ្នាក់ពី ប្រជាពលរដ្ឋ ដោយលោកថានេះគឺជាការដាក់ចេញនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលតែម្តង ពោលបើធ្វើដូច្នេះទៀត នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងលើបញ្ហាគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺនៅមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយ ដូច្នេះត្រូវរកឱ្យឃើញនូវអ្វីដែលជាបញ្ហាចោទដើម្បីងាយស្រួលក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងងាយស្រួលកំណត់មុខសញ្ញាដែលបានរត់គេចខ្លួន៕