នគរបាល​ឃាត់ខ្លួន​​ មុខសញ្ញា​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​២​នាក់​​​ បញ្ជូន​ទៅ​តុលាការ

398

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញានាំពលករ ឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ ២ នាក់ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លើការបង្កាទប់ស្កាត់ ការនាំពលករឆ្លងដែនខុសច្បាប់ និងក្រោយកំណត់បាននូវមុខសញ្ញា នាំពលករ ឆ្លងដែនខុសច្បាប់ លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ធ្វើការឃាត់ខ្លួន ជនសង្ស័យ២ នាក់រួមមានឈ្មោះ ស៊ីន សុភាព ភេទប្រុស ជាអ្នកទទួលដឹកពលករពីតាមបណ្តាខេត្ត និងគូរកនម្នាក់ទៀឈ្មោះ តុង ណារី ភេទស្រី ។ បច្ចុប្បន្ន ជនសង្ស័យទាំង២ នាក់ កំពុងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។

លោក បន្តថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំ២ នាក់ខាងលើ កម្លាំងរបស់លោក ក៏បានធ្វើការទប់ស្កាត់ អប់រំណែនាំ ពលករ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មួយចំនួន អោយយល់ពី បញ្ហាប្រឈម និងគ្រោះថ្នាក់ផ្សេង ៗ និងជម្រុញឲ្យពួកគាត់បង្វែរមករកការងារធ្វើក្នុងស្រុក និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕

btvnews(09-02-2017(2))