ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ​ដង្ហោយ​សុំ​ឲ្យ​សម្តេច​ចៅ​ហ្វា​វាំង​ គង់​ សំអុល​ ​ជួយ​, ខណៈ​​​ដីស្រែ​ដែល​ធ្លាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​មក​ហើយ ​ត្រូវ​បាន​គេ​យក​

256

កំពង់ឆ្នាំង ៖ កាលពីម្សិលម៉ិញ ប្រជាពលរដ្ឋចំនួនជិត៦០០នាក់ និងលោកមេភូមិកោះតាម៉ូវ រស់នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសុំសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឲ្យជួយពួកគាត់ផង ក្រោយពីតុលាការ បានចេញដីការកោះហៅពលរដ្ឋចំនួន១៤នាក់ទៀត ដើម្បីសាកសួរដំណើររឿងពាក់ព័ន្ធនឹងដីស្រែប្រាំង៤៩ហិកតា ដែលពលរដ្ឋបានកាន់កាប់ធ្វើស្រែជាយូរឆ្នាំមកហើយ។

នៅក្នុងដីកាកោះចំនួន១៤សន្លឹក របស់លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះអញ្ជើញពលរដ្ឋទាំង១៤រូបដែលជាជនជាប់សង្ស័យ រស់នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង២រសៀល ដើម្បីសាកសួរលើពាក្យបណ្តឹងរបស់ឈ្មោះ ខាត់ សារី និងឈ្មោះ ជា គឹមឡេង ពីដំណើររឿងធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិ និងប៉ះពាល់លើកម្មសិទ្ធិ។

តំណាងពលរដ្ឋឈ្មោះ ឈួន រ៉ា បានបញ្ជាក់ថា ប្រជាពលរដ្ឋ១០២គ្រួសារ បានកាន់កាប់ដីស្រែ៤៩ហិកតា និងបានធ្វើស្រូវប្រាំងជាយូរឆ្នាំមកហើយ ដែលក្នុងមួយគ្រួសារ ទទួលបានដីទំហំប្រមាណជាង៦អាតែប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០០៦ឈ្មោះ ខាត់ សារី និង ជា គឹមឡេង រស់នៅក្នុងឃុំផ្សារ បានប្តឹងតំណាងពលរដ្ឋចំនួន៨នាក់ ថា បានរំលោភយកដីស្រែពួកគេ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លោកចៅក្រម សុខ ហេង លោកព្រះរាជអាជ្ញារង គឹម ហុងសាន និងលោកក្រឡាបញ្ជី ធឿន ប៊ុនថន បានសម្រេចក្នុងសាលក្រមព្រហ្មទណ្ឌលេខ៤០ថា លើកលែងការចោទប្រកាន់លើជនជាប់ចោទទាំង៨នាក់។ តែនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ តំណាងអយ្យការបានចេញដីការកោះហៅតំណាងប្រជាពលរដ្ឋចំនួន១៤នាក់ បន្ថែមទៀត។ លោក ឈួន រ៉ា បានបន្តថា ក្នុងនាមលោកជាតំណាងប្រជាពលរដ្ឋទាំង១០២គ្រួសារ សំណូមពរដល់សម្តេចចៅហ្វាវាំង គង់ សំអុល តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្តមេត្តាជួយដោះស្រាយបញ្ហាខាងលើនេះឲ្យពលរដ្ឋផង។

លោក ហុក សាយ មេភូមិកោះតាម៉ូវ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិនេះ មានដីស្រែសម្រាប់បង្កបង្កើនផលតែ៤៩ហិកតាទេ។  ចំណែកដីស្រែ៣៥១ហិកតាទៀត លោកមេឃុំកំពង់ព្រះគគី គង់ គឹមហាក់ បានលក់ឲ្យអ្នករស់នៅក្នុងឃុំខុនរ៉ង មេលំ និងឃុំផ្សារអស់ហើយ។ ចំណែកដីស្រែនៅសល់៤៩ហិកតា ដែលពលរដ្ឋទាំង១០២គ្រួសារកំពុងអាស្រ័យផលនោះ ក៏ត្រូវបានគេកំពុងប្តឹងទាមទារយកទៀត។ ដូច្នេះ អាជ្ញាធរសូមជួយដោះស្រាយបញ្ហានេះផង។ លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕

lank kompongchnang3 lank kompongchnang2 lank kompongchnang1 lank kompongchnang