ព័ត៌មាន​មិន​ទាន់​ផ្លូវ​ការ​មួយ​ចុះ​ផ្សាយ​ថា Floyd Mayweather យល់​ព្រម​ឡើង​សង្វៀន​ជួប​អ្នក​ប្រដាល់ MMA, Conor McGregor

336

ប្រដាល់៖ មានព័ត៌មានមិនទាន់ផ្លូវការមួយត្រូវបានចុះផ្សាយថា កីឡាករប្រដាល់អាមេរិក Floyd Mayweather ឈានដល់កិច្ចព្រមព្រៀងឡើងសង្វៀនជួបជាមួយកំពូលកីឡាករប្រដាល់ MMA, Conor McGregor តែ Mayweather ខ្លួនឯងបានច្រានចោលព័ត៌មាននេះតាមរយៈបណ្ដាញសង្គម Twitters របស់ខ្លួន។

 

តែមុននឹងការចុះផ្សាយបែបនេះកាលពីថ្ងៃចន្ទ Mayweather ខ្លួនឯងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍មួយរបស់ ESPN អំឡុងការប្រកួត NBA រវាង Golden State និង Oklahoma ដោយគេបានលើកឡើងនៅទីនោះថា អ្វីៗខិតជិតដល់កិច្ចព្រមព្រៀងហើយ។ Floyd Mayweather ដែលជាអតិតម្ចាស់ខ្សែក្រវ៉ាត់ ៥ស្ថាប័នដែលប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៥ ប្រកួតមិនចាញ់សោះក្នុងអាជីព ៤៩លើក ធ្លាប់បានលើកឡើងដែរកាលពីខែមករាកន្លងទៅថា ការប្រកួតរវាងគេនឹង McGregor ពិតជាអាចទៅរួច។ ចំណែកកំពូលកីឡាករប្រដាល់ក្នុងទ្រុង Conor McGregor ដែលជាជើងឯកទម្ងន់ស្រាល UFC បច្ចុប្បន្នទទួលបានអាជ្ញាបត្រប្រដាក់សកលអាជីពកាលពីខែធ្នូកន្លងទៅ និងជាកីឡាករប្រដាល់ក្នុងទ្រុងម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលគ្រប់គ្រងខ្សែក្រវ៉ាត់ពីរប្រភេទទម្ងន់៕
អត្ថបទ៖នាង សុភាវុធ