កូរ៉េខាងជើង​ប្រារព្ធ​ពិធី​តាំង​ពិព័រណ៍​ផ្កា​ពណ៌​ក្រហម​រាប់ពាន់​ថូ ដើម្បី​អបអរសាទរ​ខួប​អតីត​មេដឹកនាំ Kim Jong Il​​

266

កូរ៉េខាងជើង៖ កូរ៉េខាងជើងបើកពិធីតាំងបង្ហាញផ្កាគីមជុនជីលីយ៉ា វេស្ទីវល (Kimjongilia Festival) លើកទី២១ កាលពីថ្ងៃអង្គារម្សិលមិញក្នុងទីក្រុងព្យុងយ៉ាងមុនខួបលើកទី ៧៥ឆ្នាំ របស់អតីតមេដឹកនាំរបស់ខ្លួនលោក Kim Jong Il។

 

តាមរូបភាពវីដេអូផ្ដល់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បង្ហាញពីមន្ត្រីកូរ៉េខាងជើងចូលរួមពិធីបើកសម្ពោធនៅសាលតាំងពិព័រណ៍ គីមីលស៊ុងជៀ-គីមជុនជីលីយ៉ា(Kimilsungia-Kimjongilia)។ ប្រជាពលរដ្ឋកូរ៉េខាងជើងក៏បានចូលរួមក្នុងពិធីតាំងពិព័រណ៍នេះដែរ ជាទីដែលមានផ្កាគីមជុនជីលីយ៉ារាប់ពាន់ថូ កំពុងដាក់បង្ហាញនៅពីខាងមុខរូបថតអតីតមេដឹកនាំកូរ៉េខាងជើង Kim Jong Il។ ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធខួបកំណើតរបស់លោក គីម នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈស្អែកនេះ ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ, ស្ថាប័នរដ្ឋ, ឯកជននានាទូទាំងប្រទេស ឈប់សម្រាកដែលគេហៅថាថ្ងៃទិវា “Day of the Shining Star”។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សលោក គីម ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងប្រទេសរបស់លោកថា ជាមេដឹកនាំដ៏អស្ចារ្យឬ “The Great Leader” បានដឹកនាំប្រទេសកូរ៉េខាងជើងចាប់ពីឆ្នាំ1997-2011 ជាមួយកណ្ដាប់ដៃដែក និងបានទទួលខុសត្រូវ សម្រាប់ការរំលោភបំពានផ្នែកសិទ្ធិមនុស្សជាច្រើនរាប់មិនអស់៕

អត្ថបទ៖ សុខមាន