ទឹកប្រាក់២០០ លាន​អឺរ៉ូ ​នឹង​ត្រូវ​ផ្តល់​​បន្ថែម​ទៀត​ ដោយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ ​(AFD) ​​លើ​គម្រោង​ទឹក​ និង​វិស័យ​កសិកម្ម​​នៅ​កម្ពុជា

261

ភ្នំពេញ ៖ ដោយគិតពីផលប្រយោជន៍ដល់ប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផល និង ដោយគិតពីបរិបទនៃការប្រែប្រួលអាកាសធាតុទឹកគឺជាបញ្ហាប្រឈមមួយដែលត្រូវទាមទារនូវការដោះស្រាយជាអាទិភាពនោះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD នឹងត្រូវផ្តល់នូវទឹកប្រាក់ហិរញ្ញប្បទានចំនួន ២០០ លានអឺរ៉ូ បន្ថែមដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បី អនុវត្តគម្រោងវិស័យទឹក និង កសិកម្មជំហានទី ២ ក្នុងរយៈពេល ៨ ឆ្នាំបន្តទៀត ។

ការត្រៀមផ្តល់នេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា និងនាយកគ្រប់គ្រងគម្រោង AFDប្រចាំទីក្រុងប៉ារីស ព្រមទាំងសហការីនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ។

លោក ហ្វីលិព ស្តែនមែត( Philippe STEINMETZ )នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ក្នុងពេលកន្លងមក AFD បានផ្តល់នូវហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ២៤ លានអឺរ៉ូ ដើម្បីអនុវត្តនូវគម្រោងវិស័យទឹក និងកសិកម្ម  ។ហិរញ្ញប្បទាន ទាំងនេះ ត្រូវបានយកទៅអនុវត្តទៅលើការស្តារព្រែក ប្រព័ន្ធធារាសាស្ត្រ ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក   ការរៀបចំបញ្ជីសារពើភ័ណប្រព័ន្ធធារាសាស្ត្រ។    ហើយមកដល់ពេលនេះ គម្រោងការងារខាងលើត្រូវបានអនុវត្តស្ទើរ នឹងចប់១០០%ហើយ ។

ក្រៅពីបានលើកជាសំណូមពរដល់ AFD ឱ្យបន្តផ្តល់ហិរញ្ញប្បទានសម្រាប់ការអនុវត្តគម្រោង វិស័យទឹក និងកសិកម្ម បន្ថែមទៀត ឯកឧត្តម លឹម គានហោ ក៏បានបញ្ជាក់ដែរថា តាមរយៈជំនួយទាំងនេះបានបង្កលក្ខណៈឱ្យក្រសួងធនធានទឹក និង ឧតុនិយម អាចដោះស្រាយនូវទឹកជូនដល់បងប្អូនប្រជាកសិករទាំងក្នុងការស្រោចស្រពក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

បច្ចុប្បន្ននេះក្រសួងធនធានទឹកបានបង្កើតឱ្យមានក្រុមការងារចំនួន១៣ក្រុម សុទ្ធសឹងតែជាអ្នក បច្ចេកទេសជើងចាស់  ដោយសហការជាមួយប្រធានមន្ទីរគ្រប់ខេត្តក្រុង  ហើយនិងវិស្វករក្មេងៗជំនាន់ក្រោយ ដើម្បីវាយតម្លៃនូវអ្វីដែលបានធ្វើកន្លងមក ដែលក្រុម និងមួយៗមានពី២០ ទៅ៣០ នាក់ និងក្រុមខ្លះមានដល់ ៦០នាក់  ដើម្បីចុះទៅមើលជាក់ស្តែង ព្រមទាំងទទួលខុសត្រូវជួសជុល ឡើងវិញនៅប្រព័ន្ធធារាសាស្ត្រនីមួយៗ និងដោះស្រាយគ្រប់បញ្ហាដែលទាក់ទងដូចជាខ្វះប្រឡាយរង ប្រឡាយមេ សំណង់ស្ទាក់ទឹក ឬគ្រោះរាំងស្ងួត និងជំនន់ម្តងៗ   ៕

btv-a330 Nita-10-A-50-Full btv-a1040jpg