ពន្ធនាគារ​ខេត្តតាកែវ ​កំពុងតែ​ផ្ទុក​អ្នកទោស​ច្រើន​លើស​ចំណុះ​

271

តាកែវ ៖ ថ្នាក់ដឹកនាំខេត្តតាកែវ បាននិយាយថា ក្តីបារម្ភកំពុងកើតមានពាក់ព័ន្ធទៅ នឹងកំណើនអ្នកទោសក្នុងខេត្តនេះ បន្ទាប់ពីយុទ្ធនាការនៃការបង្ក្រាបគ្រឿងញៀន ខណៈដែលពន្ធនាគារខេត្តនេះមានលក្ខណៈតូចចង្អៀតផង។

អភិបាលរងខេត្តតាកែវ បាន ថ្លែងថា ខណៈពេលដែលយុទ្ធនាការក្ដៅប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងតែធ្វើឡើងអ្នកដែលពាក់ព័ន្ធទៅ នឹងគ្រឿងញៀន ប្រមាណជាងពីររយនាក់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ដែលចំនួននេះ បានបន្ថែមបន្ទុកលើពន្ធនាគារខេត្តតាកែវ ដែលមានសភាពចាស់ទ្រុឌទ្រោម ទៅហើយ និងអាចផ្ទុកអ្នកទោសបានតែជាងពីររយនាក់នោះ។

លោកអភិបាលរងខេត្តតាកែវ អ៊ុន វណ្ណា បានឲ្យដឹងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធទៅ នឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនមួយចំនួននៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅសាលាខេត្តតាកែវ។

លោកអភិបាលរងខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយខែ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ សមត្ថកិច្ចបានចុះអនុវត្តច្បាប់ ដោយបង្ក្រាបបាន២៩ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន៩១នាក់ និងវត្ថុតាងជាគ្រឿងញៀននិងមធ្យោបាយប្រើប្រាស់មួយចំនួនទៀត។ជនសង្ស័យមួយចំនួនត្រូវបានបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលស្ដាយុវនីតិសម្បទានិងមួយចំនួនទៀតត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់។រហូតមកដល់ពេលនេះទណ្ឌិតជនត្រូវចោទពាក់ព័ន្ធទៅនឹងគ្រឿងញៀនដែលកំពុងតែឃុំខ្លួននៅក្នុងពន្ធនាគារខេត្តតាកែវមានរហូតដល់ជាង២រយនាក់បូករួមនឹងអ្នកទោសដែលមានទោសបទល្មើសផ្សេងៗទៀតធ្វើឲ្យអ្នកទោសនៅក្នុងពន្ធនាគារខេត្តតាកែវ មានការកើនឡើងរហូតដល់ជាង៥រយនាក់។

លោក បានបញ្ជាក់ថា អាជ្ញាធរខេត្ត ក៏កំពុងតែព្រួយបារម្ភផងដែរលើបញ្ហាកន្លែងឃុំខ្លួនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនខណៈពេលដែលពន្ធនាគារខេត្តកំពុងតែផ្ទុកអ្នកទោសដ៏ច្រើនលើសចំណុះហើយម្យ៉ាងទៀតយុទ្ធនាការប្រឆាំងគ្រឿងញៀនកំពុងតែធ្វើសកម្មភាពយ៉ាងផុលផុសដែលនឹងមានការឃាត់ខ្លួនអ្នកជួញដូរអ្នកចែកចាយបន្តទៅទៀតដើម្បីយកទៅផ្តន្ទាទោសទៅតាមច្បាប់៕

kuk takeo kuk takeo1 kuk takeo2 kuk takeo3