គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដាក់​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​បង្ការ​ការប្រើប្រាស់​គ្រឿន​ញៀន​

274

គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ បានបើកកិច្ចប្រជុំ ដាក់ចេញផែនការទ្រង់ទ្រាយធំអោយក្រសួង ស្ថាប័ន អង្គភាពជាសមាជិក និងស្ថាប័នអង្គភាពពាក់ព័ន្ធ ព្រមទាំងគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានីខេត្ត ទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយអប់រំបង្ការការប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេស។

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធិ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ក្រោយពីកិច្ចប្រជុំរបស់គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្ដីការគណៈរដ្ឋមន្ត្រីថា កិច្ចប្រជុំនេះ គឺដើម្បីប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីដាក់ទៅក្នុងផែនការសម្រាប់ធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់ក្រុមដែលជាគោលដៅសំខាន់ៗ ស្របទៅតាខ្លឹមសាររបស់រាជរដ្ឋាភិបាល ដែលបានសម្រេចលេខ ០៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ។

នាយឧត្តមសេនីយ៍រូបនេះ ថ្លែងបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះទៅ គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងដាក់ផែនការទៅតាមក្រសួងស្ថាប័ននានាចុះទៅផ្សព្វផ្សាយអប់រំនៅតាមគោលដៅរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងពីផលអវិជ្ជមាននៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

នាយឧត្តមសេនីយ៍ដដែលបញ្ជាក់ថា គោលដៅជាយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅ រួមមាន ក្រុមគោលដៅសិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានអប់រំ និងនៅតាមវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មករ កម្មការនីដែលបម្រើនៅតាមរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើង កម្មករ កម្មការិនីបម្រើនៅតាមការដ្ឋានសំណង់ កម្មករ កម្មការនីដែលបម្រើនៅតាមសិប្បកម្ម សហគ្រាសឧស្សាហកម្ម អ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ អ្នកគ្រប់គ្រង និងជាអ្នកបំរើការនៅតាមសេវាកម្មទេសចរណ៍ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត ម៉ាស្សា ខារ៉ាអូខេ ក្មេងអនាថា យុវជនគ្មានការងារធ្វើ និងក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាដើម។

នាយឧត្តមសេនីយ៍ម មាស វីរីទ្ធ បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបង្ក្រាបការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស ដែលមកដល់ពេលនេះ បង្ក្រាបបាន ១ .៦៧២ ករណី ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យបាន ៣ .៩១១នាក់ ហើយ និងបន្តសកម្មភាព បន្ថែមទៀត ដើម្បីឈានទៅរកការលប់បំបាត់ទាំងស្រុងនូវការប្រើប្រាស់ និងជួញដូរគ្រឿងចេញពីក្នុងប្រទេសកម្ពុជា៕