រដ្ឋសភា​ ​អនុម័ត​សេចក្តី​ស្នើច្បាប់​ថ្មី «មិន​អនុញ្ញាត​ឲ្យ​អ្នក​មានទោស​ ឫ ​ជា​ទណ្ឌិត ​ធ្វើជា​ប្រធាន ឫ​ អនុប្រធាន​បក្ស​នយោបាយ​ឡើយ»

212

ភ្នំពេញ ៖ រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដូចការគ្រោងទុក ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។

អង្គប្រជុំវិសាមញ្ញរដ្ឋសភានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដោយមានកូរុម ចំនួន៦៦រូប ជាក្រុមសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនក្នុងនោះសម្តេចតេជោក៏មានវត្តមានក្នុងសម័យប្រជុំនេះដែរ។ រីឯក្រុមសមាជិករដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមប្រជុំវិសាមញ្ញរដ្ឋសភានេះទេ។

អង្គប្រជុំ វិសាមញ្ញរដ្ឋសភានេះ បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ ជាឯកច្ឆន្ទ ក្នុងកូរុម ចំនួន៦៦រូប លើ៦៦រូប នៃវត្តមានអ្នកតំណាងរាស្ត្រចូលរួមប្រជុំបន្ទាប់ពីដំណើរការពិភាក្សាអស់រយៈពេលជិត២ម៉ោងរួចមក។

យោងសេចក្តីថ្លែង ហេតុក៏ដូចការលើកឡើងរបស់សមាជិករដ្ឋសភា នៅក្នុងការពិភាក្សានោះបានបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយដែលបានប្រកាសអោយប្រើកាលពីឆ្នាំ១៩៩៧ ដែលមាន១១ជំពូក និង៤៥មាត្រានោះ មិនសមស្របទៅនិងការវិវត្តន៍រីកចំរើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះឡើយដូចនេះ ការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះវាត្រឹមត្រូវសមហេតុផលតាមដំណាក់កាលវិវត្តន៍របស់សង្គមដើម្បីបំពេញលក្ខខ័ណ្ឌ ចាំបាច់នានាបន្ថែមសំរាប់បំរើអោយសង្គមក្នុងសុខសន្តិភាព និងភាពសុខដុមរម្យនា។ មានចំនួន៩ជំពូកនិង២២មាត្រា ដែលត្រូវធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយនេះ។បន្ទាប់ពីការធ្វើវិសោធនកម្ម លើច្បាប់នេះរួច ច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ នឹងមានទម្រង់១១ជំពូក និង៥០ មាត្រា។ច្បាប់ថ្មី ស្តីពីគណបក្សនយោបាយនេះ នឹងកាន់ធានានីតិរដ្ឋដល់គណបក្សនយោបាយទាំងអស់ និង មិនអនុញ្ញាតឲ្យអ្នកមានទោស ឫ ជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។

សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្ត្រ ចំនួន៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧៕

taheng taheng1