ដំណាំ​អំពៅស្ករ ​ក្នុង​ខេត្តស្វាយរៀង ​មាន​ទីផ្សារ តែ​ប្រឈម​ នឹង​កង្វះ​កម្លាំង​ពលកម្ម​

267

ភ្នំពេញ ៖ ប្រជាកសិករ ក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ដំណាំអំពៅស្ករនៅក្នុងខេត្តនេះ បច្ចុប្បន្ន អាច រកទីផ្សារបានស្រួល តែបែរជាប្រឈម នឹងបញ្ហាកង្វះកម្លាំងពលកម្មក្នុងការប្រមូលយកផលទៅវិញ។

សហគមន៍កសិករដាំអំពៅ ក្នុងខេត្តស្វាយរៀង កំពុងសំដែងនូវក្តីបារម្ភជាខ្លាំងចំពោះការបាត់បង់ផលដំណាំអំពៅ ខណៈពេលដែលដល់រដូវប្រមូលផលហើយ តែគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ដើម្បីប្រមូលផលនោះ។

លោក កុយ សារ៉េន តំណាងប្រជាសហគមន៍ដាំអំពៅ បានឲ្យដឹងថា ដោយមានទីផ្សារអំពៅស្ករល្អ គួបផ្សំ ទៅនឹងដីមានជីជាតិ ពិសេសការផ្តល់បច្ចេកវិជ្ជាដាំដុះដោយក្រសួងកសិកម្ម និងការសាងសង់រោងចក្រផលិតស្ករអំពៅរបស់ប្រទេសវៀតណាម នៅតាមខ្សែបន្ទាត់ព្រំដែនខេត្តតៃនិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យកសិករ និងសហគមន៍ផលិតអំពៅស្ករ បង្កើនទំហំផ្ទៃដីដាំដុះអំពៅដល់ជាង៧ ពាន់ហិកតា ដែលកាលពីមុនមានតែប្រមាណ៤ ពាន់ហិកតានោះ។

តំណាងសហគមន៍រូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន គ្រប់កសិដ្ឋានអំពៅនៅទូទាំងខេត្ត គឺកំពុងតែប្រឈមជាខ្លាំង ទៅនឹងកង្វះខាតកម្លាំងពលកម្មប្រមូលផល ដោយសារតែកម្លាំងពលកម្មជាច្រើន ត្រូវបានស្រូបយកដោយរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង លោក ថាច់ រតនា បានបញ្ជាក់ថា ពិតជាមានការបាត់បង់កម្លាំងពលកម្មក្នុងវិស័យកសិកម្មពិតមែន ក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជារោងចក្រសហគ្រាសច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ក្នុងក្រុងបាវិតមក។ កម្លាំងពលកម្មមួយចំនួនធំ បានស្វែងរកការងារនៅតាមរោងចក្រសហគ្រាស ពីព្រោះការងារនៅរោងចក្រសហគ្រាស បើទោះជាធ្វើការងារពេញម៉ោង តែមានឱកាសនៅក្នុងម្លប់ ឯការងារប្រមូលផលអំពៅស្ករ ប្រមូលបានច្រើន ទទួលបានកម្រៃច្រើន ទៅតាមកម្លាំងពលកម្មក្នុងការប្រមូលផល ទើបបណ្តាល ឲ្យខ្វះកម្លាំងបែបនេះ។

លោក បានបញ្ជាក់ដែរថា បច្ចុប្បន្ន ដំណាំអំពៅស្កររបស់សហគមន៍ផលិត មានបញ្ហាប្រឈមច្រើនជាងកម្លាំងពលកម្មបន្ថែមទៀតនោះ គឺបញ្ហាភ្លើងផ្សែង ពីព្រោះរដូវនេះ ជារដូវរាំងស្ងួត ទី២ អំពៅប្រឈម នឹងការបាត់បង់ទម្ងន់ ទី៣ បញ្ហាប្រឈមខ្លាំង គឺបញ្ហាទីផ្សារ ព្រោះរោងចក្ររបស់ភាគីវៀតណាម អាចបញ្ឈប់ការបញ្ជាទិញ ដោយបច្ចុប្បន្នប្រជាកសិករវៀតណាម ក៏កំពុងប្រមូលផលអំពៅស្ករផងដែរ៕

ompov3 ompov2 ompov1 ompov