រាជរដ្ឋាភិបាល​ស្វាគមន៍​ការហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍​Air Emirates​មក​កម្ពុជា​

144

យោងតាមផេកហ្វេកប៊ុករបស់សម្តេចតេជោ បានឲ្យដឹងថា កម្ពុជាស្វាគមន៍ការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Air Emirates នៅមកកម្ពុជានៅខែកក្កដាខាងមុខនេះ។ហ្វេសប៊ុកផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ប្រទេសកម្ពុជាចាប់តាំងពីទទួលបានសន្តិភាពមក គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយ ហើយមានឱកាសគ្រប់ៗគ្នា។ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិ គឺបានទាក់ទាញវិនិយោគទុនជាតិនិងអន្តរជាតិយ៉ាងច្រើនមកបណ្តាក់ទុន។

ភ្នំពេញ៖ សម្តេចតេជោ មានប្រសាសន៍ក្នុងហ្វេសបុកផ្ទាល់ខ្លួនទៀតថា កំណើនទេសចរណ៍ ក៏កំពុងកើនឡើងជារៀងរាល់ឆ្នាំហើយព្រលានយន្តហោះកម្ពុជាក៏កំពុងរៀបចំពង្រីក និងកែលំអបំពាក់ដោយឧបករណ៍ទំនើបៗដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកទេសចរ និងពាណិជ្ជករមកកម្ពុជា។

សម្តេច បានបញ្ជាក់ថា ទន្ទឹមនឹងនេះ កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនមកវិនិយោគនៅប្រទេសយើងទៀតផង។ កម្ពុជាសូមស្វាគមន៍គម្រោងហោះហើរនៃអាកាសចរណ៍ Air Emirates មកកាន់ព្រះរាជាណាចក្រអច្ឆរិយ។

សម្រាប់ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរជាតិបានថ្លែងថា តាមពិតការហោះហើរត្រង់នេះល្អ ព្រោះគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៣ និង ២០០៤រួចមកមានការហោះហើរត្រង់មកភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលបង្ហាញពីជោគជ័យមួយ។

លោកបានបន្តទៀតថា កម្ពុជាបានចូលអង្គការពាណិជ្ជកម្មពិភពលោករួចហើយដែរនិងបានបំពេញតួនាទីរបស់ខ្លួនបានល្អ ហើយរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ក្រុមហ៊ុនទេសចរនៅកម្ពុជាផងដែរ។

លោកបានបញ្ជាក់ថា វិស័យឯកជនស្វាគមន៍ ព្រោះកម្ពុជានឹងទទួលបានផលច្រើនទាំងអ្នកទទួលទាន និងអ្នកប្រតិបត្តិករទេសចរនាំភ្ញៀវមកពីប្រទេសទី៣ ថែមទៀត។

ក្រុមហ៊ុន Emirates Airlines ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនឹងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជាតាមរយៈការចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញនិងទីក្រុងឌូបៃ ប្រទេសអាមីរ៉េតអារ៉ាប់រួមខណៈពេលដែលក្រុមហ៊ុននេះកំពុងពង្រីកប្រតិបត្តិការក្នុងតំបន់។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះនឹងហោះហើរប្រចាំថ្ងៃចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដានឹងភ្ជាប់ទីក្រុងឌូបៃ និងក្រុងភ្នំពេញតាមរយៈការឈប់ សម្រាករយៈពេល៩០នាទីនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដោយប្រើប្រាស់យន្តហោះ Boeing 777-300ER ដែលមានទាំងកៅអីធម្មតា និងកៅអីថ្នាក់ពាណិជ្ជកម្ម។

ការភ្ជាប់ជើងហោះហើររវាងទីក្រុងយ៉ាំងហ្គោន និងក្រុងភ្នំពេញនឹងក្លាយជាជើងហោះហើរត្រង់តែមួយគត់ដែលភ្ជាប់ទីក្រុងទាំងពីររបស់ប្រទេសក្នុងតំបន់អាស៊ានទាំងពីរនេះដោយសារក្រុមហ៊ុន Myanmar Airlines International បានផ្អាកប្រតិបត្តិការហោះហើរលើផ្លូវនេះកាលពីប៉ុន្មានឆ្នាំមុន៕

photo_2016-01-27_13-10-5635015 sas1