ការ​ចិញ្ចឹម​សត្វ​ពពែ​សម្រាប់​លក់ ​អាច​រក​ប្រាក់​ចំណេញ​ បាន​ច្រើន​គួរសម

189

ត្បូងឃ្មុំ  ៖ ពពែ ជាចតុប្បាទសត្វ ដែលងាយចិញ្ចឹម និងអាចផ្តល់ផលចំណេញ បានច្រើនគួរសមដែរ នៅពេលដែលវាហុចផល។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏មានការនិយមចិញ្ចឹមសត្វពពែច្រើនដែរ។

ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តត្បូងឃ្មុំ បានងាកមកចាប់យកមុខរបរចិញ្ចឹមសត្វពពែ ដោយសារវាជាប្រភេទសត្វដែលងាយស្រួលក្នុងការចិញ្ចឹម ងាយថែទាំ ហើយធន់នឹងជំងឺ មិនរើសចំណីអាហារ និងទទួលបានផលសមរម្យ អាចទប់នឹងការចំណាយទូទៅនៅក្នុងគ្រួសារបាន និងសល់ប្រាក់មួយចំនួនផង។

អ្នកភូមិបឹងទន្សោង ឃុំជីរោរិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក សេក ស៊េន ដែលពីមុនជាអ្នកនេសាទត្រី បានឲ្យដឹងថា គាត់បានចាប់យកមុខរបរចិញ្ចឹមសត្វពពែនេះ រយៈពេលមួយឆ្នាំមកហើយ ដែលមុខរបរចិញ្ចឹមពពែនេះ បានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូរស្រាលច្រើនបើប្រៀបធៀបទៅ នឹងពេលមុន។

លោក បានឲ្យដឹងទៀតថា ពពែជាសត្វដែលសម្បូរទីផ្សារណាស់។ ជាទូទៅមានអ្នកមកទទួលទិញជាហូរហែដែលមកពីគ្រប់ទិសទី ជាពិសេសនៅក្នុងពិធីស្រាយបួសរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមតែម្ដង ដោយគេទទួលទិញទាំងអស់ ដោយគាត់បានពន្យល់ថា ក្នុងពិធីស្រាយបួសនេះ គឺក្រុមគ្រួសារដែលមានកូនប្រុសបួសត្រូវកាប់ពពែចំនួនពីរ រីឯកូនស្រី ត្រូវកាប់ពពែចំនួនមួយ ដើម្បីសុំសេចក្ដីសុខ ហេតុដូចនេះ ហើយទើបពពែរបស់ពូកគាត់ មិនពិបាករកទីផ្សារនោះទេ ព្រោះគេទទួលទិញទាំងអស់ដោយមួយក្បាលមានតម្លៃចាប់ពី៩០ដល់១៥០ដុល្លារ ទៅតាមទំហំតូចឬធំ។

ក្នុងឃុំជីរោរិ៍ទី១ ស្រុកត្បូងឃ្មុំ នេះ មានប្រជាពលរដ្ឋចំនួន២ភូមិ ដែលបានចាប់យកអាជីពជាអ្នកចិញ្ចឹមសត្វពពែ គឺភូមិព្រែកតូច និងភូមិបឹងទន្សោង ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ។
បើតាមអ្នកភូមិដែលចិញ្ចឹមសត្វពពែនៅទីនោះ បានឲ្យដឹងថា ភាគច្រើនពីមុន ពួកគាត់ជាអ្នកប្រកបរបរនេសាទត្រី តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះទិន្នផលត្រីធ្លាក់ចុះ ទើបពួកគាត់នាំគ្នាមកចិញ្ចឹមសត្វពពែ វិញ ដោយពួកគាត់ថា សត្វពពែគឺជាសត្វដែលមានទីផ្សារ ងាយចិញ្ចឹម ងាយលក់ហើយវាមានតម្លៃថ្លៃគួរសម និងឲ្យផលជាកូនរហូតដល់ទៅពីរដងក្នុងមួយឆ្នាំ ដោយកូនម្ដង គឺចាប់ពីពីរក្បាលឡើងទៅ មិនដូចសត្វគោក្របីនោះទេ៕

pper3 pper2 pper1 pper