កម្ពុជា​ត្រៀម​រៀបចំ​កិច្ច​ប្រជុំតុមូល​ចិន​លើក​ទី​៥​ នៅ​ខែមីនា ​ខាងមុខ

70

ភ្នំពេញ ៖ មន្ត្រីក្រសួងពាណិជ្ជកម្មបើកវេទិកាពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំតុមូល ចិនលើកទី៥ ដែលមានអ្នកចូលរួមប្រមាណ៥០រូប ធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ។

លោកជំទាវ  តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចប្រជុំគ្នា លើកដំបូង ដើម្បីពិភាក្សាលើការចងក្រងសមាសភាពអនុគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)   ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។

លោកជំទាវ បញ្ជក់ទៀតថា ក្រសួងពាណិជ្ជកម្ម  និងបានធ្វើការពិភាក្សាអំពីការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងវិធីបង្ការរាល់បញ្ហានានា ដែលអាចកើតមានឡើងដោយថាហេតុ ដើម្បីធានា ធ្វើឲ្យដំណើរការនៃកិច្ចប្រជុំដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅដោយរលូនតាមផែនការ។

កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្ដួចផ្ដើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយអង្គការ WTO និងរដ្ឋាភិបាលនៃប្រទេសដែលជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងគោលបំណងចែករំលែកជូនប្រទេស LDCs ដើម្បីត្រៀមខ្លួនក្នុងការស្នើចូលជាសមាជិក WTO ឲ្យបានឆាប់រហ័ស។

លើសពីនេះ កិច្ចប្រជុំតុមូលចិនក៏នឹងជួយគាំទ្រដល់ប្រទេស LDCs ដែលបានក្លាយជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តន៍តាមមាត្រាទី១២ នៃកិច្ចព្រមព្រៀង ម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់លើសេចក្តីសម្រេចរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសមាជិកអង្គការ WTO៕

FB_IMG_1487981009143 FB_IMG_1487981028024 FB_IMG_1487981015141 FB_IMG_1487981012153 FB_IMG_1487981005648