អាជ្ញាធរ​ខេត្ត​កណ្ដាល​៖ ​គ្រោះថ្នាក់​អគ្គីភ័យ​ក្នុង​ឆ្នាំ​២០១៦​ថយ​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥

94

តាមយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា គ្រោះថ្នាក់អគ្គីភ័យក្នុងឆ្នាំ២០១៦ថយចុះចំនួន១១ករណីបើប្រៀបធៀបនឹងឆ្នាំ២១០៥ គឺមានរហូតដល់៥២ករណី។

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបញ្ជាក់ឲ្យដឹងនៅនៅក្នុងពិធីប្រារព្ធទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ កាលពីថ្ងៃទី២៦កុម្ភៈនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅខេត្តកណ្តាល។

សូមបញ្ជាក់ថាក្នុងឆ្នាំ២០១៦កន្លងទៅនេះគ្រោះថ្នាក់អគ្គីភ័យ បានកើតមាននៅក្នុងស្រុកចំនួន៦ គឺក្រុងតាខ្មៅកើតមាន៧ករណីថយចុះ៥ករណីស្រុកអង្គស្នូលកើតមាន៨ករណីថយចុះ៦ករណីស្រុកស្អាងកើតមាន៦ករណីថយចុះ៣ករណីស្រុកកៀនស្វាយកើតមាន៧ករណីថយចុះ៤ករណីស្រុកខ្សាច់កណ្ដាលកើតមាន២ករណីថយចុះ១ករណីស្រុកមុខកំពូលកើតមាន១ករណីនិងស្រុកកណ្ដាលស្ទឹងកើតមាន៤ករណី។

ស្នងការនគរបាលខេត្តអះអាងថា ការថយចុះចំពោះគ្រោះថ្នាក់ដោយអគ្គីភ័យក្នុងឆ្នាំ២០១៦កន្លងទៅនេះដោយសារតែមានការបែងចែកកម្លាំងនគរបាលចុះដើរអប់រំ និងណែនាំត្រូតពិនិត្យនិងផ្សព្វផ្សាយអំពី វិធីការពារគ្រោះអគ្គីភ័យដែលកើតឡើងជាយថាហេតុនិងបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសអគ្គីភ័យនៅតាមបណ្តាមូលដ្ឋាន ក្រុមហ៊ុន រោងចក្រសហគ្រាសការដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈសិប្បកម្មនិងអាជីវកម្មនានាទូទាំងខេត្តកណ្តាលបានជាប់ជាប្រចាំ។

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអំពាវនាវឲ្យកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តកណ្តាលត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យមិនត្រូវរង់ចាំទាល់តែមានប្រយោជន៍ទើបបានជួយបាញ់ពន្លត់ដែលធ្វើឲ្យមានការថ្នាំងថ្នាក់និងមានការរិះគុណពីប្រជាពលរដ្ឋនោះឡើយ។

ជាមួយនេះដែរឯកឧត្ដមម៉ៅភិរុណ ក៏បានណែនាំដល់មន្ត្រីជំនាញពន្លត់អគ្គីភ័យទៀតថា ក្នុងនាមជាមន្ត្រីជួយសង្គ្រោះអគ្គិភ័យ ត្រូវមានសីលធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបគ្រោះអគ្គីភ័យ ហើយពេលទទួលព័ត៌មានពីករណីអគ្គិភ័យមិនត្រូវរង់ចាំទាល់តែមានប្រយោជន៍ទើបបានជួយបាញ់សង្គ្រោះនោះជាខាច់ខាត៕