រដ្ឋាភិបាល​កម្ពុជា​ ​ជំរុញ​ទីផ្សារ​សូត្រ​ខ្មែរ ​នឹង​លើកទឹកចិត្ត​ឲ្យ​ផលិត​មានគុណ​ភាព

176

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ក្នុងនាម សេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញឲ្យសូត្រប្រណិតខ្មែរមានតម្លៃបន្ថែម និងបង្កើនទីផ្សារ ទៅក្រៅប្រទេសទៀត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងជួយជម្រុញ ទីផ្សារសូត្រខ្មែរបន្ថែមទៀត ហើយទន្ទឹមនោះ ផលិតករទាំងអស់ត្រូវតែពង្រឹងការផលិតរបស់ខ្លួនឲ្យមានស្តង់ដារ និងមានគុណភាពទទួលយកបាន ទើបធ្វើឲ្យអតិថិជនចាប់អារម្មណ៍ពីផលិតផលខ្មែរ។

ឯកឩត្តម បានបន្តថា វិស័យសូត្រជាវិស័យមួយដ៏សំខាន់ និងជាអត្តសញ្ញាណសម្រាប់ប្រទេសជាតិ ហើយអ្នកតម្បាញភាគច្រើនជានារីៗ ដែលអាចរកប្រាក់ចំណូលបំពេញបន្ថែមក្នុងគ្រួសារ ដូច្នោះការងារនេះ ក្រសួងពាណិជ្ជកម្មកំពុងតែជួយជម្រុញផងដែរ ដើម្បីកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ។

ឯក ឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានជម្រុញទីផ្សារអន្តរជាតិ និងជម្រុញឲ្យផលិតបានល្អ ទើបទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ ហើយក្រសួងបានជម្រុញឲ្យមានពិព័រណ៍ ទាំងក្របខ័ណ្ឌ ជាតិ និងអន្តរជាតិ។

លើសពីនេះ ឯក ឧត្តម បន្តថា ខាងក្រសួងពាណិជ្ជកម្មបានរៀបចំពិព័រណ៍ ជាច្រើនទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដែលផលិតករកម្ពុជាអាចចូលរួមតាំងពិព័រណ៍ បាន និងជម្រុញឲ្យផលិតផលខ្មែរបានស្គាល់ និងអាចស្វែងរកទីផ្សារបាននៅលើទីផ្សារអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្ថែមថា  ផលិតករអ្នកតម្បាញសូត្រនៅមានបញ្ហាប្រឈមជាច្រើន ហើយកិច្ចការនេះកំពុងតែខំប្រឹងប្រែង ដើម្បីស្វែងរកទីផ្សារ និងការនាំចេញទៅក្រៅប្រទេសឲ្យបានកាន់តែច្រើនថែមទៀត។

សម្រាប់ លោក ស្រី សេង តក្កនារី នាយិកា ហាងសូត្រខ្មែរ SentoSaSillk បានលើកឡើងថា កន្លងមកវត្ថុធាតុដើមសូត្រនៅកម្ពុជាមានការខ្វះខាតមែន ដែលត្រូវទិញវត្ថុធាតុដើមពីក្រៅ ហើយបញ្ហានេះ ត្រូវទាមទារឲ្យមានសិប្បកម្មដាំដើមមនខ្លួនចិញ្ចឹម សត្វនាង ស្រាវយកសរសៃ សូត្រ ។

លោកស្រី បានបញ្ជាក់ថា  បច្ចុប្បន្នប្រជាពលរដ្ឋអ្នកតម្បាញសូត្រនៅកម្ពុជាកំពុងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើនផ្នែកទីផ្សារ ដែលធ្វើឲ្យការផលិតមិនអាចដោះស្រាយជីវភាពរស់នៅបាន  ហើយសុំឲ្យពួកគាត់កុំបោះបង់ចោល នឹងថែរក្សារបរនេះឡើងវិញ៕

btvnews(01-02-2017(7))