រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​រដ្ឋាភិបាល​ស្វីស និង​ប្រទេស​នានា​ជួយ​គាំទ្រ​ការកែទម្រង់​របៀប​គ្រប់គ្រង​មូលដ្ឋាន​នៅ​កម្ពុជា​

74

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើបណ្តារដ្ឋាភិបាលស្វីស និងរដ្ឋាភិបាលបណ្តាប្រទេសនានាទៀត បន្តផ្តល់ជំនួយជួយគាំទ្រដំណើរការការកែទម្រង់របៀបគ្រប់គ្រងការផ្ទេរអំណាច និងធនធានពីថ្នាក់ជាតិទៅឲ្យថ្នាក់មូលដ្ឋាន ខណៈការងារនេះ កម្ពុជាកំពុងបានជួបប្រឈមលើផ្នែកអភិវឌ្ឍន៍ពង្រឹងសមត្ថភាពមន្ត្រីនៅថ្នាក់ក្រោមជាតិ។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម TommasGreminnger ឯកអគ្គរដ្ឋទូត និងជា អគ្គនាយករង ទទួលបន្ទុកប្រធាននាយកដ្ឋានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសស្វីស ថ្ងៃទី០១ ខែកុម្ភៈ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ខណៈកម្ពុជាកំពុងប្ដេជ្ញាចិត្ត ថាកម្ពុជា នឹងធ្វើការផ្ទេរអំណាច និងធនធានមនុស្ស ថវិកាពីថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នោះ កម្ពុជាកំពុងបានជួបប្រឈមខ្លាំងដោយសារមន្ត្រីនៅថ្នាក់ក្រោមជាតិមិនទាន់មានសមត្ថភាពគ្រប់គ្រង ក្នុងការគ្រប់គ្រងការងារអភិវឌ្ឍន៍ទាំងនោះបាន។

សម្តេចក្រឡាហោមបន្តថា ដើម្បីជំរុញដំណើរការងារផ្ទេរមុខងារអំណាច និងធនធានឲ្យថ្នាក់ក្រោមជាតិមានប្រសិទ្ធភាព គឺកម្ពុជា នៅតែបន្តស្នើឲ្យរដ្ឋាភិបាលប្រទេសស្វីស និងបណ្តារដ្ឋាភិបាលប្រទសមួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់ និងប្រទេសស៊ុយអែតជាដើម ដែលសមត្ថភាព បទពិសោធន៍ និងកំពុងបានគ្រប់គ្រងប្រទេសតាមរបបនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនេះ បន្តជួយគាំទ្រកម្ពុជា ផ្នែកធនធានបច្ចេកទេស និងថវិកាដើម្បីការគ្រប់គ្រងរដ្ឋតាមគោលនយោបាយនេះនៅកម្ពុជាមានប្រសិទ្ធភាព។

ឆ្លើយតបតាមស្នើសុំ ឯកឧត្ដម TommasGreminnger មានប្រសាសន៍ថា រដ្ឋាភិបាលស្វីស គឺនៅតែបន្តគាំទ្រទៅដល់ដំណើរការកែទម្រង់គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ សម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ រដ្ឋាភិបាលស្វីស ក៏នៅតែបន្តជួយផ្តល់ជំនួយជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបច្ចុប្បន្នមន្ទីរពេទ្យមួយនេះ បានកំពុងដំណើរពិនិត្យព្យាបាលជំងឺកុមារនៅកម្ពុជាបានរាប់សែននាក់ក្នុងមួយឆ្នាំៗ

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល១សប្ដាហ៍មកនេះ ឯកឧត្តម TommasGreminnger បានសំលឹងមើលឃើញថា ប្រទេសកម្ពុជា កំពុងមានការរីកចំរើនច្រើន ហើយទន្ទឹមនឹងនេះ ខណៈ កម្ពុជាកំពុងរក្សាកំណើនសេដ្ឋកិច្ចរង្វង់៧%នេះ ឯកឧត្ដម ក៏បានអបអរសាទរកម្ពុជាដែលបានប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបផងដែរ៕