ជនជាប់ចោទ​ នៅ​តែ​សារភាព​​ថា​ ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ គ្មាន​អ្នក​នៅ​ពី​ក្រោយ​នោះ​ទេ​

129

ភ្នំពេញ ៖ ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅតែសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ហើយសកម្មភាពនេះ គឺ ខ្លួនធ្វើតែម្នាក់ឯង ពុំមានអ្នកនៅពីក្រោយខ្នងនោះទេ ។

ចម្លើយសារភាពរបស់ ជនជាប់ចោទ បានធ្វើឡើងក្នុងសវនាការជាសាធារណៈ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី0១ ខែមីនា ។

ជនជាប់ចោទ ជួប សម្លាប់ អះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់លោកបណ្ឌិត កែម ឡី ព្រោះខឹងនឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣០០០ដុល្លារ មិនព្រមសង ទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តង ។

នៅក្នុងពេលសវនាការ តុលាការក៏បានបង្ហាញកាមេរ៉ាសុវត្ថិភាពនៅបរិវេណក្នុងស្តារម៉ាត រហូតដល់ចំណុចមុខវត្តស្វាយពពែ ដែលបង្ហាញថា ក្នុងអំពើឃាតកម្មនេះ គឺ មានតែជនជាប់ចោទ ជួប សម្លាប់ ម្នាក់ប៉ុណ្ណោះ ។ រីឯ ក្រយៅដៃលើកាំភ្លើង ត្រូវបានលទ្ធផលកោសល្យវិច័យបង្ហាញថា ពិតជាក្រយៅដៃរបស់ ជួប សម្លាប់ ពិតប្រាកដមែន ។

ឯកសារតុលាការ បង្ហាញថា ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ត្រូវបានចោទប្រកាន់ពីរបទល្មើស គឺ បទឃាតកម្មគិតទុកជាមុន និង បទបទកាន់កាប់  ឬ  ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត  តាមមាត្រា២០០  និង  ៤៩០នៃក្រមព្រហ្មទណ្ឌ  ។    បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត  ។

ទោះបីយ៉ាងណា ក្រោយបញ្ចប់សវនាការពេញមួយព្រឹកថ្ងៃទី០១ ខែមីនា តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺបានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២៣ ខែមីនា ខាងមុខនេះវិញ ។ នេះតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

អឿត  អាង ហៅជួប សម្លាប់  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ  ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត  កែម  ឡី  កាលពីវេលាម៉ោង៨៖ ៥០នាទី  ព្រឹកថ្ងៃទី១០ខែកក្កដា  ឆ្នាំ២០១៦  នៅចំណុចក្នុងទីតាំង  ស្តារម៉ាត  នៃស្ថានីយប្រេងឥន្ធនៈកាល់តិច  បូកគោ  ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស  និង  មហាវិថីម៉ៅសេទុង  ក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  ៕