អាជ្ញាធ​រខេត្តតាកែវ ស្នើ​ឲ្យ​ខេត្ត​អាន​យ៉ាង​វៀតណាម ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​ឆ្លងដែន​

275

តាកែវ ៖ អាជ្ញាធរកម្ពុជា និងវៀតណាម នៅថ្ងៃទី០១ ខែមីនា នេះ បានជួបប្រជុំគ្នាក្នុងខេត្តតាកែវ ដើម្បីបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆមាសទី២ រវាងខេត្តតាកែវ និងខេត្តអានយ៉ាង ក្នុងឆ្នាំ២០១៦កន្លងទៅ និងលើកទិសដៅបន្តក្នុងឆ្នាំ២០១៧។

អាជ្ញាធរខេត្តតាកែវ បានស្នើសុំភាគីវៀតណាម ខេត្តអានយ៉ាង ជួយសហការឲ្យបានខ្លាំងក្លាលើការប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងព្រំដែនរវាងខេត្តទាំងពីរ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាន នឹងកំពុងតែធ្វើសកម្មភាពយ៉ាងផុលផុសក្នុងការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។

ថ្លែងនៅចំពោះមុខភាគីវៀតណាម ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានលើកឡើងថា បញ្ហា គ្រឿងញៀនជាបញ្ហាក្ដៅគគុក ដែលវាមិនត្រឹមតែរីកសាយភាយតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែការចែកចាយ និងចរាចរណ៍គ្រឿងញៀន កំពុងតែមានការកើនឡើងនៅពាសពេញពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។

ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែជាប្រទេសឆ្លងកាត់ និងរងគ្រោះដោយសារគ្រឿងញៀននេះ។ ដូច្នោះភាគីខេត្តអានយ៉ាង វៀតណាម ធ្វើយ៉ាងណាសហការឲ្យបានខ្លាំងក្លាក្នុងការបង្ក្រាបឲ្យខាងតែបាននូវការចរាចរណ៍គ្រឿងញៀនឆ្លងដែនរវាងខេត្តទាំងពីរ។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀននេះបានជោគជ័យ ទាល់តែអាជ្ញាធរខេត្តទាំងពីរមានផែនការច្បាស់លាស់។ ហើយភាគីទាំងពីរ ត្រូវជួបពិភាក្សាដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះការចរាចរណ៍គ្រឿងញៀនឆ្លងដែន។

ឯកឧត្តម ឡាយ វណ្ណៈ ក៏បានស្នើឲ្យភាគីខេត្តអានយ៉ាង ជួយផ្ដល់បទពិសោធន៍ក្នុងការបន្សាប និងសាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅក្នុងខេត្តតាកែវ ខណៈពេលដែលខេត្តតាកែវ នៅមិនទាន់មានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅឡើយនោះ។

លោក វៀង ប៊ិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសន្យាថា នឹងធ្វើសហប្រតិបត្តិការឲ្យបានខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនូវការចរាចរគ្រឿងញៀនតាមព្រំដែនរវាងខេត្តទាំងពីរ។

លោក បានលើកឡើងថា ដើម្បីឲ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះបានជោគជ័យ សមត្ថកិច្ចខេត្តទាំងពីរ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ហើយអាជ្ញាធរខេត្តអានយ៉ាងនឹងផ្ដល់បទពិសោធន៍ដល់អាជ្ញាធរខេត្តតាកែវ ក្នុងការបន្សាបអ្នកញៀនថ្នាំ ព្រោះបច្ចុប្បន្នខេត្តអានយ៉ាងមានមជ្ឈមណ្ឌលបន្សាប គ្រឿងញៀនពីរកន្លែង និងកំពុងតែបន្សាបអ្នកញៀនថ្នាំចំនួនជាង៩រយនាក់៕

takeo meeting vn takeo meeting vn1