ជប៉ុន​ បាន​បន្ត​ផ្តល់​ជំនួយ​ជិត​១​លាន​៤​សែន​ដុល្លារ​ ​បង្កើន​ជួយ​ផ្នែក​កម្ចាត់​មីន​ កសិកម្ម និង​ សុខភាព​មាតា ​និង​ទារក

272

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃនេះ ចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ប្រមាណជិត ១លាន ៤ សែនដុល្លារអាមេរិច សម្រាប់បង្កើនសមត្ថភាពក្រុមបោសសំអាតមីននៅកម្ពុជា ការអនុវត្តគម្រោងពង្រឹងទីផ្សារនៃផលិតផលសរីរាង្គសហគមន៍ កសិកម្មនៅខេត្តស្វាយរៀង និងអនុវត្តគម្រោងលើកកម្ពស់ សុខភាពមាតា និងទារកនៅក្នុងខេត្តតាកែវ។

ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយជូនអង្គការសមាគមចំនួនមកពីប្រទេសជប៉ុន នៅថ្ងៃទី១ ខែមីនា នេះនៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម ហូរីណូអូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា ។

ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា បានថ្លែងទៀតថា ក្នុងចំណោមគម្រោងជំនួយប្រមាណថវិកាជិត១ លាន៣សែន៩ម៉ឺនដុល្លារ សហរដ្ឋអាមេរិច គឺបានផ្តល់ជូនអង្គការសកម្មភាពមីនជប៉ុន (JMAS=ជេម៉ាស់) សម្រាប់បង្កើនសមត្ថភាពបោសសំអាតមីនរបស់មជ្ឈមណ្ឌលជាតិសកម្មភាពមីនកម្ពុជា CMAC ដំណាក់កាលទី៣ ចំនួនជាង៥សែន៤ម៉ឺនដុល្លារ និងប្រកាសផ្តល់ជូនអង្គការIVY សម្រាប់អនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រឹងទីផ្សារផលិតផលកសិកម្មនៅក្នុង ខេត្តស្វាយរៀង និងខេត្តព្រះវិហារ ចំនួនជាង ៣សែន៨ម៉ឺនដុល្លារ អាមេរិច និងបានផ្តល់ជំនួយឲ្យទៅអង្គការ World Vision ជប៉ុនចំនួនជាង៤សែន៦ម៉ឺន៦ពាន់ដុលា្លរ សម្រាប់អនុវត្តគម្រោងលើកកម្ពស់សុខភាពមាតា និងទារកនៅស្រុកចំនួនពីររួមមាន ៖ ស្រុកកោះអណែ្តត និងស្រុកគិរីវង្ស ខេត្តតាកែវ។

គួរបញ្ជាក់ថា កម្មវិធីជំនួយឥតចំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមនៅ ប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា ហើយរហូតមកដល់ បច្ចុប្បន្ន នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង២៨លាន៤សែនដុល្លារ អាមេរិច ដល់គម្រោងចំនួន៩៩ ដែលផ្ដោតលើវិស័យអប់រំ វិស័យសុខាភិបាល កសិកម្ម និងសកម្មភាពមីន៕

japan japan2