មនុស្ស​ ៣​នាក់​​បាន​ស្លាប់​ និង​ ៥​នាក់​​រង​របួស​ក្នុង​​ឧបទ្ទវហេតុ​​បាក់​ផ្ទាំង​ទឹក​កក​​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី

256

អ៊ីតាលី៖ ក្រុមសង្គ្រោះឲ្យដឹងថា ក្រុមអ្នកលេងស្គីទឹកកកចំនួន ៣នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស នៅពេលដែលបំណាក់ផ្ទាំងទឹកកកបានធ្លាក់កាត់តាមតំបន់ភ្នំ ខណៈដែលពួកគេកំពុងលេងស្គីនៅទីនោះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

F8 F7
សេចក្ដីរាយការណ៍បន្តថា តំបន់ភ្នំដែលពួកគេលេងស្គីនោះនៅក្បែររមណីយដ្ឋានគួរម៉ាយឺនាភាគខាងជើងប្រទេសអ៊ីតាលី។ ចំណែកអ្នកស្លាប់ទាំងបីនាក់នោះមានជនជាតិអ៊ីតាលី, អាល្លឺម៉ង់ និងបែលហ្សិក។ លោក ដានីញែល អូលីយឺ ជាមន្ត្រីនគរបាលឲ្យដឹងថា នៅកន្លែងកើតមានបំណាក់ផ្ទាំងទឹកកកមើលទៅដូចជាសមរភូមិប្រយុទ្ធមួយគួរឲ្យខ្លាច ខណៈមនុស្សកំពុងស្រែកយ៉ាងសន្ធាប់ឲ្យជួយដោយប្រើភាសាផ្សេងៗគ្នា នៅពេលកម្លាំងសង្គ្រោះទៅដល់កន្លែងកើតហេតុនោះ។ លោកបន្តថា យើងមិនមានពេលច្រើនទេ ហើយយើងត្រូវនិយាយជាមួយពួកគេឲ្យយល់ និងចង់ដឹងថា តើនៅមាននរណាបាត់ខ្លួនដែរឬទេ។ ចំណែកអ្នករងរបួស ៣នាក់មានបុរសអ៊ីតាលីម្នាក់ ស្ត្រីអ៊ីតាលីម្នាក់ និងបុរសម្នាក់ទៀត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈអ្នករងរបួសជនជាតិបែលហ្សិក ២នាក់ទៀតបានចេញពីមន្ទីរពេទ្យហើយ ក្រោយពីបានពិនិត្យ និងព្យាបាលរួចរាល់៕

អត្ថបទ៖ រិទ្ធី