ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បង្ហាញ​ពី​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីតាលី​

223

ប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ទស្សនកិច្ចនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ដោយទទួលបានជោគជ័យជាច្រើន តាមរយៈការចុះហត្ថលេខាទទួលឥណទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម លើទឹកប្រាក់៣៦,៣០លានដុល្លារអាមេរិក និងកិច្ចសហប្រតិបត្តិការដទៃទៀត។

ភ្នំពេញ៖ ដំណើរបំពេញបេសកកម្មរយៈពេល៦ថ្ងៃនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនេះ ដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយប្រតិភូជាន់ខ្ពស់នេះ បានមកដល់កាន់មាតុភូមិវិញ កាលពីថ្ងៃម្សិលមិញ ដោយនាំមកនូវជោគជ័យតាមការគ្រោងទុកគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានលើ“គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច” ជាមួយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា កិច្ចព្រមព្រៀងឥណទានសម្បទានដែលបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មកាលរសៀលពីថ្ងៃទី២៨ខែ កុម្ភៈ នាទីក្រុងរ៉ូមប្រទេសអ៊ីតាលីនោះបានចុះហត្ថលេខាដោយ ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជាជាមួយឯកឧត្តម Gilbert FossounHoungboប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម។

កិច្ចព្រមព្រៀងឥណទានសម្បទាននេះ មានទឹកប្រាក់ចំនួន ៣៦,៣០លានដុល្លារអាមេរិក សម្រាប់ជាឥណទានរួមចំណែកគាំទ្រការអនុវត្ត“គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច”ដែលគម្រោងនេះ ត្រូវការទឹកប្រាក់សរុបចំនួនប្រមាណ៦១,៦៥លានដុល្លារអាមេរិក។ គម្រោងនេះ ដឹកនាំអនុវត្តដោយក្រសួងពាណិជ្ជកម្មនិងមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងធនាគារអភិវឌ្ឍជនបទ មានរយៈពេលអនុវត្តចំនួន៦ឆ្នាំចាប់ពីឆ្នាំ២០១៧ដល់ ២០២២។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្រៅពីហិរញ្ញប្បទានដោយ IFADគម្រោងនេះក៏នឹងត្រូវមានការចូលរួមសហហិរញ្ញប្បទានដោយអ្នកទទួលផល និងដៃគូក្នុងវិស័យឯកជនមានទឹកប្រាក់ចំនួនប្រមាណ១៦,៧០លានដុល្លារអាមេរិក ក្នុងនោះ ក៏មានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួនប្រមាណ៨,៦៥លានដុល្លារអាមេរិកផងដែរ។“

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច”មានគោលដៅចូលរួមលើកកម្ពស់ជីវភាពកសិករខ្នាតតូចឱ្យទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្មតាមរយៈការចូលធ្វើអន្តរាគមជំនះដោះស្រាយរាល់បញ្ហាប្រឈមក្នុងវិស័យកសិកម្ម ទាំងនៅក្នុងដំណាក់កាលខ្សែសង្វាក់ផលិតកម្មទាំងក្នុងការធ្វើកសិពាណិជ្ជកម្មនិងជាពិសេសការជំរុញតភ្ជាប់ឲ្យដល់ទីផ្សារកសិកម្ម។

ក្នុងជំហានដំបូងគម្រោងនេះផ្ដោតទៅលើមុខទំនិញ ចំនួន៥ មុខ រួមមាន ស្រូវបន្លែមាន់ចិញ្ចឹមលក្ខណៈគ្រួសារដំឡូង និងសូត្រ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ ដល់កសិករក្រីក្រចំនួនប្រមាណ៧៥០០០គ្រួសារ ក្នុងខេត្តចំនួន១៥រួមមាន ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង និងប៉ៃលិន៕