តម្លៃ​កៅស៊ូ​ចាប់​ផ្តើម​ធ្លាក់​ថ្លៃ ​បន្តិច ​ស្រប​ពេល​រដូវ​កៅស៊ូ​ជ្រុះ​ស្លឹក

304

ភ្នំពេញ ៖ បន្ទាប់ពីហក់ឡើងជិតដល់២៥០០ដុល្លារក្នុងមួយតោន ទីបំផុតតម្លៃជ័រកៅស៊ូនៅកម្ពុជាចាប់ផ្តើមធ្លាក់ចុះតំលៃបន្តិច បើធៀប នឹងដើមឆ្នាំនេះ និងក៏ស្របពេលរដូវកៅស៊ូជ្រុះស្លឹកបាន និងកំពុងចាប់ផ្តើមផងដែរ។

លោក ជា សាយិន ប្រធានសហគមន៍កសិកម្មកៅស៊ូគ្រួសារស្រុកមេមត់ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ មិនានេះថា តំលៃជ័រកៅស៊ូបានធ្លាក់ចុះតំលៃបន្តិចបន្តួចក្នុងខែមិនានេះ ដោយតំលៃកៅស៊ូបង្កកចាន បានធ្លាក់តំលៃពី៣០០០រៀលមកនៅត្រឹម២៩០០រៀលក្នុងមួយគីឡូក្រាម និងជ័រទឹកបានធ្លាក់តំលៃពី៧០០០រៀល មកនៅត្រឹម៦៩០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបើលក់ឲ្យឈ្មួញគិតជាតោនគឺមានតំលៃ១៩០០ដុល្លារ ធ្លាក់ចុះពី២១០០ដុល្លារក្នុងមួយតោនធៀបនឹងដើមឆ្នាំនេះ។

លោកបន្តថា ការធ្លាក់ចុះតំលៃកៅស៊ូនាពេលនេះ លោកមិនទាន់ដឹងមូលហេតុពិតនៅឡើយទេ ប៉ុន្តែដោយសាររដូវកាលនេះ ជាពេលកៅស៊ូតេត ឫជ្រុះស្លឹក បានធ្វើឲ្យបរិមាណជ័រកៅស៊ូធ្លាក់ចុះ ដោយសារពេលកៅស៊ូតេត ឬកៅស៊ូជ្រុះស្លឹក កសិករដាំកៅស៊ូមិនធ្វើការជៀរជ័រនោះទេ។

លោក ទ្រាប វែង អនុប្រធានសមាគមកៅស៊ូគ្រួសារមេមត់ បានថ្លែងថា តំលៃជ័រកៅស៊ូពិតជាធ្លាក់ចុះតំលៃបន្តិចបន្តួច ធៀបនឹងដើម ឆ្នាំនេះ ដោយសារតំលៃបានថយចុះពី៧០០០រៀល មកនៅត្រឹម៦៥០០រៀល ក្នុងមួយគីឡូក្រាម ហើយកៅស៊ូប្រភេទក្រែបបានធ្លាក់ចុះតំលៃពី២១៦០ដុល្លារ មកនៅត្រឹម១០៩០ដុល្លារក្នុងមួយតោន។លោក បន្តថា វាជារដូវកៅស៊ូជ្រុះស្លឹក ដែលកសិករមិនធ្វើការប្រមូលជ័រនោះទេក្នុង រយៈពេលចន្លោះពី២០ទៅ៣០ថ្ងៃ ហើយការធ្លាក់ចុះតំលៃកៅស៊ូអាចទាក់ទងនឹងរដូវកាលនេះផងដែរ។

លោកបន្តថា ទោះជាយ៉ាងណាកសិករដាំកៅស៊ូ មានភាពរីករាយឡើងវិញ ដោយសារតំលៃកៅស៊ូចាប់ផ្តើមងើបឡើងចាប់ពីដើមឆ្នាំនេះ។ លោកឧកញ៉ា ម៉ក់ គីមហុង ប្រធានសមាគមកៅស៊ូកម្ពុជា បានថ្លែងថា ក្នុងពេលនេះ មិនមានឈ្មួញធ្វើការប្រមូលទិញកៅស៊ូនោះទេ ដោយសារតំលៃកៅស៊ូចាប់ផ្តើមធ្លាក់ចុះ ហើយលោកមិនដឹងពីមូលហេតុ នៃការថមថយតំលៃនាពេលនេះនោះទេ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានថ្លែងថា តំលៃកៅស៊ូ កាលពីសប្តាហ៍មុន បានហក់ឡើងតំលៃរហូតដល់ជាង២៤០០ដុល្លារក្នុងមួយតោន ដោយសារការផ្គត់ផ្គង់ធ្លាក់ចុះ ហើយតម្រូវការកៅស៊ូនៅទីផ្សារអន្តរជាតិមានការកើនឡើង៕