ក្រសួងបរិស្ថាន និង JICA ចុះ​កិច្ចព្រមព្រៀង​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​

200

ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងគម្រោងសិក្សាពីផលប៉ះពាល់បរិស្ថានក្នុងប្រទេសកម្ពុជា។

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀង គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថានតាមរយៈការអភិវឌ្ឍសមត្ថភាពនៃក្រសួងបរិស្ថាន ក្នុងគោលបំណងធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការអនុវត្តការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថាននៅប្រទេសកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពន្យល់ថា កិច្ចព្រមព្រៀងនេះ គ្រោងនឹងសិក្សាលំអិតលើគម្រោងសាងសង់រោងចក្រនានាពីផលប៉ះពាល់បរិស្ថាននៅជុំអាគាររោងចក្រ ថាតើមានអាងប្រព្រឹត្តិកម្ម ស្របតាមស្តង់ដារដែរឬទេដូចជាការបង្ហូរទឹកស្អុយទៅក្នុងប្រព័ន្ធលូសាធារណៈ ឬបង្ហូរទឹកចូលទៅក្នុងទន្លេងមានជាតិគីមីជាដើម។ ជាពិសេសនោះ គឺចង់អោយក្រុមហ៊ុនដែលមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាគោរពតាមលក្ខន្ធកច្បាប់ស្តីពីការការបារបរិស្ថានក្នុងប្រទេសកម្ពុជា។

ឯកឧត្តមថ្លែងបន្តថា ជាមួយគ្នានេះ ប្រជាពលរដ្ឋអាចរាយការណ៍ឬ ជូនជាយោបល់ពីផលប៉ះពាល់បរិស្ថានពីរោចក្រណាមួយដែលនៅកន្លែងរបស់ខ្លួនមកកាន់កក្រសួងបរិស្ថានដើម្បីអោយក្រសួងបញ្ជូនមន្ត្រីរបស់ខ្លួនទៅដោះស្រាយជូនប្រជាប្រជាពលរដ្ឋ។

លោក ហេង ណារ៉េត អគ្គនាយកគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ថ្លែងដែរថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងភីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន សម្រាប់ដោះស្រាយក្នុងរយៈពេល ៣ឆ្នាំកន្លះខាងមុនខនេះ នូវតម្រូវការផ្នែកសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេសរបស់ក្រសួងបរិស្ថាន ដើម្បីអោយអនុវត្តិបេសកកម្មរបស់ខ្លួនក្នុងការធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សចម្រុះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល។

លោកបន្តថា លទ្ធផលរំពឹងទុករបស់គម្រោងនេះ គឺការពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដើម្បីសម្រេចបាននូវភារកិច្ចរបស់ខ្លួន និងការបង្កើតការកែលំអ និងការចែករំលែកទៅដល់អ្នកពាក់ព័ន្ធនូវឯកសារច្បាប់ បច្ចេកទេស និងនីតិវិធីនានាពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន។

រាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចអោយបាននូវគោលដៅជាយុទ្ធសាស្ត្រនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍជីវចម្រុះ និងការអភិវឌ្ឍន៍ដោយចិរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍដោយចិរភាពរបស់អង្គការសហប្រជាជាតិ៕