NOCC អំពាវនាវ​ឲ្យ​អ្នក​ចេះ​លេងអុក​មក​ចុះ​ឈ្មោះ​ប្រកួត​ស្វែង​រក​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧

108
រូបភាពឯកសារ

អូឡាំពិក៖ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី១៥-១៨ ខែមិនាសប្ដាហ៍ក្រោយ នឹងមានការប្រកួតជម្រុះអុកចត្រង្គនៅទីស្នាក់ការគណៈកម្មាធិការជាតិកម្ពុជា ដើម្បីចម្រាញ់រកជើងខ្លាំង ៨នាក់ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ស្វែងរកស្ដេចអុកចត្រង្គអង្គរសង្ក្រាន្តប្រចាំ២០១៧ នៅតំបន់អង្គរនាខែមេសាខាងមុខ។

 

ដោយហេតុនេះថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ដែលចេះលេងអុករួសរាន់ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញព្រឹត្តិការណ៍ថ្នាក់ជាតិនេះឲ្យអធិកអធម និងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា លក្ខខណ្ឌចូលរួមឆ្នាំនេះរក្សានៅដដែលដោយបើកទូលាយទាំងបុរស-នារីចាប់ពីអាយុ ៨ឆ្នាំឡើង។ ឯកឧត្ដមបានអំពាវនាវដល់អ្នកចេះលេងចូលរួមប្រកួតឲ្យបានច្រើន ដើម្បីលើកស្ទួយកីឡាប្រើប្រាជ្ញាស្មារតីកម្ពុជានេះឲ្យរីកចម្រើនឡើងវិញ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់កីឡាអុកចត្រង្គជាប្រភេទកីឡាមួយទៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ និងត្រៀមឯកសារបញ្ចូលកីឡានេះ ទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោករបស់អង្គការ UNESCO ទៀតផង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ កន្លងទៅអ្នកចុះឈ្មោះប្រកួតជម្រុះ ដើម្បីដណ្ដើមវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបនោះគឺមានចំនួន ១២៨នាក់ ប៉ុន្តែជើងឯកស្ដេចអុកឆ្នាំចាស់បានទៅកីឡាករ ហួយ សុខណា។ ចំពោះការប្រកួតនេះចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ ១២លានរៀល, លេខ២ ទទួលបានប្រាក់រង្វាន់ ៨លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ៤លានរៀល៕
អត្ថបទ លី ឈុនឡា