មនុស្ស​ ​៣​នាក់​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ដោយ​ព្យុះ​កំបុត​ត្បូង​ Enawo នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​

245

ម៉ាដាហ្គាស្កា៖ មនុស្សយ៉ាងហោច ៣នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ពេលដែលព្យុះកំបុតត្បូងដ៏ខ្លាំងបំផុតមួយក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះបានបោកបក់លើប្រទេសម៉ាដាហ្គាស្កា ដែលជាប្រទេសកោះមួយនៅអាហ្វ្រិក និងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរភាគឦសានប្រទេសកាលពីថ្ងៃអង្គារកន្លងទៅ។

Th2ព្យុះស៊ីក្លូន Enawo បានបោកបក់ក្នុងល្បឿន ៣០០គីឡូម៉ែត្រក្នុង ១ម៉ោងធ្វើឲ្យវាក្លាយជាព្យុះប្រភេទទី៤។ គួរឲ្យដឹងថា ប្រទេសម៉ាដាហ្គាស្កាបានជួបព្យុះកំបុតត្បូងដ៏ខ្លាំងបំផុតលើកចុងក្រោយកាលពីខែមិនាឆ្នាំ២០០៤ ពេលដែលព្យុះ Gafilo បានបោកបក់ដល់តំបន់ឆ្នេរតែមួយ និងឆក់យកអាយុជីវិតមនុស្សអស់ ២៣៦នាក់ ហើយនឹងបានបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋអស់ជាង ២ម៉ឺនខ្នង។ ថ្វីត្បិតតែព្យុះមួយនេះបានធ្វើដំណើរមកដល់កាលពីរយៈពេល ២៤ម៉ោងមុនយ៉ាងណាក្តី តែភ្លៀងនៅតែធ្លាក់ហើយគេរំពឹងថា វានឹងបង្កឲ្យមានគ្រោះទឹកជំនន់នៅតំបន់ Farahalana និងតំបន់ Antalaha។

មកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានលំអិត ជុំវិញការខូចខាតបង្កឡើងដោយសារតែព្យុះនៅឡើយទេ ប៉ុន្តែរំពឹងថាការដាច់ចរន្តអគ្គិសនី និងការបាក់រលំដើមឈរ ប្រាកដជាកើតមាននៅតាមតំបន់រងគ្រោះ។ ដោយឡែកសេចក្ដីរាយការណ៍ពីអ្នកស្លាប់ និងរងរបួសគេរំពឹងថានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
អត្ថបទ៖ សារ៉ាត់