ដីព្រៃ​របស់​រដ្ឋ​ប្រហែល​២​ហិកតា ជាប់​ទន្លេ​សេសា​ន្ត ​ត្រូវ​អ្នកមាន​លុយ​ម្នាក់​កាប់​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

130

រតនគិរី ៖ ដីព្រៃរបស់រដ្ឋប្រហែលប្រមាណ២ហិកតា តាមមាត់ទន្លេសេសាន្ត ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ នៃស្រុកបរកែវម្នាក់ព័ទ្ធ ទន្ទ្រានយកជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ត្រូវប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយទប់ស្កាត់។

ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច សុំលាក់អត្តសញ្ញាណម្នាក់រស់នៅភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី ៩ មីនា នេះ បានប្រាប់ថា ដីព្រៃរបស់រដ្ឋប្រហែល២ហិកតា នៅជាប់មាត់ទន្លេសេសាន្ត ត្រូវបានអ្នកមានលុយ និងជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកបរកែវ ម្នាក់ឈ្មោះ ទន់ វិរៈភាព ឈូសឆាយ និងព័ទ្ធរបងទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យហិនហោចសម្បត្តិធនធានធម្មជាតិយ៉ាងច្រើនផងដែរ។

បុរសរូបនោះ បន្តថា ឈ្មោះ ទន់វិរៈភាព បានបញ្ជាគ្រឿងចក្ររុញដី លប់ច្រាំងទន្លេសេសាន្ត នៅចុងកន្ទុយដីខាងលើនោះថែមទៀត ដែលបង្កឲ្យច្រាំទន្លេ រូបតូច និងអាចធ្វើឲ្យទន្លេរាក់បាន។ ទាក់ទងនឹងការចោទប្រកាន់នេះ លោក ទន់ វិរៈភាព ដែលបានណែនាំខ្លួនថា លោកជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែក ស្រុកបរកែវ បានអះអាងថា ដីនេះ លោកបានទិញពីប្រជាពលរដ្ឋ មិនមែន លោកចូលទៅកាន់កាប់ ខុសច្បាប់ ដូចការចោទប្រកាន់នោះទេ។ តែលោកមិនអាចបញ្ជាក់ពីពេលវេលា នៃការទិញនោះទេ ព្រោះលោកមិនចាំថា នៅពេលណាឡើយ។

លោក ទុន វិរៈភាព បញ្ជាក់ថា ដីនេះ ជាដីចម្ការដំឡូង ដែលលោកទិញពីប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ ហើយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ចំណែកការយកគ្រឿងចក្រឈូសឆាយនោះ លោកក៏មិនបានឈូសឆាយបន្តិចណាដែរ ព្រោះដីនេះជាដីវាលស្រាប់។

ទោះអះអាងយ៉ាងនេះក្តី មេឃុំសេសាន្ត លោក សេវ ស្វែន បានឲ្យដឹងថា ការឈូសឆាយដីរបស់លោក ទន់ វិរៈភាព ខាងលើនេះ លោកមិនបានដឹងនោះទេ ព្រោះលោក ទន់ វិរៈភាព ឈូសឆាយស្រេចតែចិត្តខ្លួនឯង ព្រោះមិនបានជូនដំណឹងដល់អាជ្ញាមូលដ្ឋានឡើយ។ ប្រការនេះ ប្រហែលជា លោក ទន់ វិរៈភាព អាងអំណាច និងមានលុយហើយមើលទៅ។

ដោយឡែក អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានបញ្ជាក់ថា ករណីឈូសឆាយដីព្រៃ ឬដីចម្ការខាងលើនេះ ពួកគាត់មិនបានដឹងនោះទេ ពីព្រោះ លោក ទន់ វិរៈភាព ធ្វើអ្វីមិនដែលគោរពច្បាប់ ឬគោរពថ្នាក់លើរូបអ្នកណាម្នាក់ទេ៕

land ratanakiri3 land ratanakiri2 land ratanakiri1 land ratanakiri