ថ្នាក់ដឹកនាំ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​តាំង​ចិត្ត​ពង្រឹង​ខ្លួន​ឲ្យ​បាន​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​

188

ទាញព្រ័ត្រ៖ ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ហាក់មានជំនឿចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍កីឡាបែបល្បែងប្រពៃណីមួយនេះឲ្យមានភាពរីកចម្រើន និងអាចចូលរួមប្រកួតដណ្ដើមមេដាយលើឆាកអន្តរជាតិបានក្នុងរយៈពេល ៣ឆ្នាំ ទៅ ៤ឆ្នាំខាងមុខ។

M10មិនតែប៉ុណ្ណោះឯកឧត្ដមថែមទាំងប្ដេជ្ញាចិត្ត ដឹកនាំកីឡាទាញព្រ័ត្រកម្ពុជាទៅចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុនទៀតផង។ ថ្លែងក្នុងពិធីបិទវគ្គគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិតមូលដ្ឋាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ឯកឧត្ដម មាស សារិន បានមានប្រសាសន៍ថា កីឡាទាញព្រ័ត្របានក្លាយជាវិញ្ញាសាប្រកួតកីឡាអូឡាំពិកតាំងពីឆ្នាំ១៩០០មកម្ល៉េះ មុននឹងបាត់ទៅវិញក្នុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែបច្ចុប្បន្នកីឡាទាញព្រ័ត្រលើពិភពលោកកំពុងមានសកម្មភាពឡើងវិញ ជាមួយនឹងភាពរីកចម្រើនជាងមុនក្នុងនោះក៏មានវត្តមានកម្ពុជាផងដែរ។ ឯកឧត្ដមបន្ដថា បច្ចុប្បន្នសមាជិកសហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិមានដល់ទៅ ៦៨ប្រទេសកំពុងធ្វើការរួមគ្នាក្នុងការប្ដេជ្ញាចិត្តអភិរក្ស និងអភិវឌ្ឍន៍កីឡាទាញព្រ័ត្រនេះឲ្យបានចូលរួមប្រកួតកីឡាអូឡាំពិកជាថ្មីនៅក្នុងឆ្នាំ២០២០ នាពេលជប៉ុនធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះកីឡាទាញព្រ័ត្រកម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមយុទ្ធនាការមួយនេះក្នុងការស្នើឲ្យម្ចាស់ផ្ទះជប៉ុន ដាក់បញ្ចូលកីឡាទាញព្រ័ត្រជាវិញ្ញាសាប្រកួតជាថ្មី។ ប៉ុន្តែយ៉ាងណាឯកឧត្ដម មាស សារិន បានស្នើឲ្យសិក្ខាកាមទាំងអស់ដែលទើបបញ្ចប់វគ្គគ្រូបង្វឹក កីឡាទាញព្រ័ត្រកម្រិតមូលដ្ឋានខាងលើ ត្រូវរួមចំណែកក្នុងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីតាមខេត្តក្រុងនានា ដើម្បីចម្រាញ់យកអ្នកមានសមត្ថភាពត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដូចជាការប្រកួតកីឡាអូឡាំពិកជាដើមផងដែរ៕
អត្ថបទ លី ឈុនឡា