ខេមរៈ​សហព័ន្ធ​យូ​ដូ​កម្ពុជា​ទទួល​បាន​កម្រាល​ហាត់​ ១៥១​ផ្ទាំង​​ពី​សហ​ព័ន្ធ​កីឡា​យូដូ​ប្រទេស​ជប៉ុន​

96

យូដូ៖ សហព័ន្ធកីឡាយូដូជប៉ុនបានឧបត្ថម្ភខេមរៈសហព័ន្ធយូដូកម្ពុជា ដែលកំពុងខ្វះខាតសម្ភារៈហ្វឹកហាត់នូវកម្រាលហាត់យូដូចំនួន ១៥១ផ្ទាំង ដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីកម្ពុជាឲ្យរីកចម្រើន សម្រាប់ត្រៀមចូលរួមការប្រកួតអន្តរជាតិនានា ពិសេសគឺដើម្បីជំរុញកីឡាជំនាញរបស់កម្ពុជាមួយនេះ ឲ្យមានលទ្ធភាពចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះតែម្ដង។

M12កម្រាលតម្លៃរាប់ម៉ឺនដុល្លារនេះត្រូវបានប្រគល់ដល់លោក ឡាច វុទ្ធី ប្រធានខេមរៈសហព័ន្ធយូដូកម្ពុជា ដោយឯកឧត្ដម ហូរីណូអ៊ូឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅទីស្នាក់ការហ្វឹកហាត់កីឡាយូដូក្នុងបរិវេណពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ហើយក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ឯកឧត្ដម ហូរីណូអ៊ូឈិ ហ៊ីដេហ៊ីសា បានមានប្រសាសន៍ថា  ការផ្ដល់ជំនួយដ៏សប្បុរសនេះគឺជាយុទ្ធនាការមួយរបស់ជប៉ុន ដែលកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០២០ ដើម្បីបំផុសប្រទេសតំបន់អាស៊ី និងអាស៊ានចូលរួមឲ្យបានច្រើនក្នុងនោះក៏មានកម្ពុជាផងដែរ។ ហេតុនេះទើបជប៉ុនមានយុទ្ធសាស្ត្រជំរុញកីឡាផ្សេងៗនៅកម្ពុជា ដើម្បីស្វែងរកអ្នកមានសមត្ថភាពទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្ដងនេះ។

M13ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាដដែលរំពឹងថា បន្ទាប់ពីទទួលបានកម្រាលហ្វឹកហាត់គ្រប់គ្រាន់កីឡាយូដូកម្ពុជានឹងប្រឹងប្រែងអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមប្រចាំប្រទេសបញ្ជូនទៅចូលរួមកីឡាអូឡាំពិកឆ្នាំ២០២០ ហើយអ្វីដែលសំខាន់គឺការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅលើទឹកដីប្រទេសកម្ពុជាផ្ទាល់តែម្ដង។ លោក ឡាច វុទ្ធី បានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធមានក្លឹបជាសមាជិកចំនួន ៧ ហើយកន្លងមកក្លឹបមួយចំនួនធំពិតជាខ្វះខាតសម្ភារៈហ្វឹកហាត់ អាស្រ័យហេតុនេះលោកនឹងនាំយកជំនួយកម្រាលហាត់យូដូរបស់ជប៉ុនខាងលើ ទៅចែកជូនក្លឹបតាមបណ្ដាលខេត្ត និងពង្រីកក្លឹបឲ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីឲ្យមនសមត្ថភាពខ្ពស់ឆ្ពោះទៅចូលរួមប្រកួតលើកឆាកអន្តរជាតិ និងដណ្ដើមមេដាយជូនជាតិ។ ជាមួយគ្នានោះដែរឯកឧត្ដមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការផ្ដល់ជំនួយសម្ភារៈហ្វឹកហាត់យូដូនេះ គឺមិនត្រឹមតែរួមចំណែកក្នុងការអភិវឌ្ឍន៍កីឡាយូដូកម្ពុជាឲ្យរីកចម្រើននោះទេ ថែមទាំងបពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាប្រជាជនកម្ពុជា និងជប៉ុនផងដែរ៕
អត្ថបទ លី ឈុនឡា