ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន​បន្ត​ភាព​ខ្លាំង ខណៈ​បឹងកេត​, ទ័ព និង​ណាហ្គា​វើ​ល​រក​បាន ១​ពិន្ទុ​

182
ភ្នំពេញ​ក្រោ​ន ៦-១ ​គិរីវង់​សុខ​សែន​ជ័យ

បាល់ទាត់៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោនសុទ្ធតែបន្តភាពខ្លាំងជាមួយនឹងការដណ្ដើមបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួន គ្រាដែលក្រុមខ្លាំងបឹងកេតអង្គរ, ក្រសួងការពារជាតិ និងក្រុមណាហ្គាវើលរកបានត្រឹមម្នាក់ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតទី៤ របស់ខ្លួន។

M16
ភ្នំពេញក្រោន ៦-១ គិរីវង់សុខសែនជ័យ

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា នៅកីឡាដ្ឋានខេត្តស្វាយរៀងដោយលទ្ធផល ៣-០ ដែលរកបានដោយកីឡាករ សារ៉េត គ្រីយ៉ា, សឿយ វិសាល និងកីឡាករ Obi។ នេះគឺជាជ័យជម្នះលើកទី៤ របស់ក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីពង្រឹងកៅអីលំដាប់កំពូលតារាងបណ្ដោះអាសន្នជាមួយ ១០ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងស្មើ១។ ចំណែកអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនវិញគឺបានលត់ក្រុមគិរីវង់សុខសែនជ័យដោយលទ្ធផល ៦-១ នៅលើទឹកដីរបស់ខ្លួន ដើម្បីទទួលបាន ១០ពិន្ទុដូចគ្នាជាមួយការប្រកួត ៤លើកឈ្នះ៣ និងស្មើ១។ គ្រាប់បាល់ជ័យជម្នះរបស់ភ្នំពេញក្រោនគឺធ្វើសម្រេចដោយកីឡាករ Shane Booysen ៣គ្រាប់ម្នាក់ឯង កីឡាករ កុក បូរីស ១គ្រាប់ និង Guto ១គ្រាប់។

M15
ណាហ្គាវើល ១-១ ក្រសួងការពារជាតិ

ប៉ុន្តែអ្វីដែលអ្នកគាំទ្រហួសចិត្តខ្លាំងនោះគឺក្រុមបឹងកេតអង្គរយកបានត្រឹម ១ពិន្ទុពីក្រុមវេស្ទើនភ្នំពេញ ក្រោយបញ្ចប់ការប្រកួតស្មើគ្នា ៣-៣ ខណៈជួបគ្នាជើងទី១ កាលពីរដូវកាលមុនបឹងកេត ធ្លាប់យកឈ្នះវេស្ទើន ៦-០ ឯណោះ។ លទ្ធផលស្មើគ្នានេះបានធ្វើឲ្យក្រុមការពារតំណែងជើងឯកបឹងកេតរក្សាតំណែងលេខរៀងទី៦ និងមាន ៥ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផលការប្រកួត ៤លើកឈ្នះ១ ស្មើ២ និងចាញ់១។ ដោយឡែកជំនួបរវាងក្រុមខ្លាំងណាហ្គាវើល និងក្រុមក្រសួងការពារជាតិកាលពីយប់មិញវិញ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ ក្រុមប្រកួតនេះតង់ទី១ បានរក្សាលទ្ធផល ០-០ លុះចូលតង់ទី២ ទើបកីឡាករ Choe Myong Ho បំប៉ោងសំណាញ់ទីក្រុមណាហ្គាវើល ១គ្រាប់ឲ្យក្រុមក្រសួងការពារជាតិ ប៉ុន្តែមិនយូរប៉ុន្មានកីឡាករ Kipson បានជួយណាហ្គាវើលតាមស្មើ ១-១ វិញ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតតែម្ដង។

ជាបណ្ដោះអាសន្នក្រុមក្រសួងការពារជាតិកំពុងឈរចំណាត់ថ្នាក់លេខ៣ និងមាន ៨ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៤លើកឈ្នះ២ និងស្មើ២ ខណៈក្រុមណាហ្គាវើលឈរលេខរៀងទី៤ និងមាន ៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតដូចគ្នា ឈ្នះ២ ស្មើ១ និងចាញ់១៕
អត្ថបទ លី ឈុនឡា