សមាគម​អចលនទ្រព្យ​នឹង​រៀបចំ​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​ជាមួយ​បណ្តា​អ្នក​ជំនាញ​មកពី​ប្រទេស​ក្នុង​តំបន់

70

ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំកិច្ចប្រជុំ និងពិព័រណ៍រយៈពេលបីថ្ងៃនៅទីក្រុងភ្នំពេញ ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញមកពីប្រទេសក្នុងតំបន់។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចប្រជុំបន្ទាន់កាលពីចុងសប្តាហ៍មុនថា កិច្ចប្រជុំនេះ រំពឹងថា នឹងមានមនុស្សមកចូលរួមចំនួន៤០០នាក់ ដែលភ្ញៀវភាគច្រើនជាអ្នកក្នុងស្រុក និងមួយចំនួនទៀតជាអ្នកជំនាញមកពីបណ្តាប្រទេសអាស៊ានចំនួន៨។ លោក បន្តថា គោលដៅនៃកិច្ចប្រជុំនេះ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ ចំណេះដឹងពីអ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអ្នកជំនាញនៅកម្ពុជា។

លោកបន្តថា “លោកនឹងអញ្ជើញអ្នកជំនាញមកពីប្រទេសចំនួន៨ ដើម្បីបង្ហាញពីស្ថានភាពអចលនទ្រព្យ នៃប្រទេសនីមួយៗ របស់ពួកគេ ហើយម្ចាស់បុរីដែលបានជោគជ័យចំនួន៤នាក់ និងអ្នកវិនិយោគសាងសង់ខុនដូ ចំនួន៤នាក់មកចែកចាយបទ ពិសោធន៍ពួកគេផងដែរ”។លោក បន្តថា “អ្នកចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានចំណេះដឹងច្រើន ដោយមិនចាំបាច់រៀននៅមហាវិទ្យាល័យទេ ព្រោះបទពិសោធន៍ទាំងប៉ុន្មានរបស់អ្នកជំនាញ នឹងត្រូវបង្ហាញក្នុងកម្មវិធីនេះ”។

កិច្ចប្រជុំនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់២៥ មិថុនាខាងមុខនេះ និងគ្រោងរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ក្រុងភ្នំពេញ។

លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុន TOWN CITY Real Estate និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា ក្នុងកម្រិតអាស៊ាន អ្នករកទទួលទានក្នុងវិស័យនេះ បានធ្វើការជាមួយគ្នាយ៉ាងសកម្ម ដើម្បីផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ហើយការរៀបចំព្រឹត្តិការណ៍នេះមិនត្រឹមតែជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងទេ ប៉ុន្តែជាការចងបណ្តាញធុរកិច្ចជាមួយសមាជិកចូលរួម មកពីបណ្តាប្រទេសក្នុងតំបន់ផងដែរ។

លោកបន្តថា “ការពិតព្រឹត្តិការណ៍នេះ ធ្វើឬមិនធ្វើក៏បាន ប៉ុន្តែក្នុងនាមជាសមាគម និងអ្នករកទទួលទានក្នុងវិស័យនេះ យើងមានបេះដូង និងឆន្ទៈដូច្នេះ ត្រូវតែរៀបចំកម្មវិធីនេះឡើង”។

លោក គីម ហ៊ាង បានបន្តថា មានបរទេសមួយចំនួនមិនសប្បាយចិត្ត ដែលសមាគមរៀបចំបែបនេះ ប៉ុន្តែវាជាកាតព្វកិច្ចដែលយើងត្រូវធ្វើ ប៉ុន្តែអ្នកចូលរួមក្នុងកម្មវិធីនេះ នឹងតម្រូវឲ្យបង់ប្រាក់ ទោះបីជាពួកគេជាសមាជិកសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុ ក៏ដោយ ព្រោះកម្មវិធីនេះត្រូវចំណាយប្រាក់ច្រើន ហើយលោកកំពុងស្វែងរកអ្នកឧបត្ថម្ភសំរាប់ព្រឹត្តិការណ៍នេះ៕