រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ទម្លាក់​អត្រា​ការប្រាក់​មីក្រូហិរញ្ញវត្ថុ​ត្រឹម​១៨%​ក្នុង​១​ឆ្នាំ​

141

រាជរដ្ឋាភិបាលកម្ពុជាសម្រេចទម្លាក់អត្រាការប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមក ត្រឹម១៨% ក្នុង១ឆ្នាំ។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់អត្រាការប្រាក់ឥណនទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាពីជាង៣០%ក្នុងមួយឆ្នាំមកនៅត្រឹម១៨%ក្នុង១ឆ្នាំហើយនេះបើតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនានេះ។

លោកឧកញ៉ា ហូត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា តាមពិតក្នុងនាមប្រតិបត្តិករនឹងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ហើយការទម្លាក់អត្រាការប្រាក់ ១៨% ក្នុង១ឆ្នាំនេះជាងរឿងល្អ សម្រាប់ពលរដ្ឋអ្នកទទួលឥណទានពីមីក្រូហិរញ្ញវត្ថុ។

លោកឧកញ៉ា បានបញ្ជាក់ថា ទោះយ៉ាងណា ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុវិញអាចជារឿងមិនល្អសម្រាប់ស្ថាប័នឥណទានដែលមិនអាចគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន បាននិងមានផលប៉ះពាល់លើប្រតិបត្តិការរបស់ពួកគាត់ផងដែរ។

លោកឧកញ៉ាបន្ថែមថា គ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវតែអនុវត្តតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានិងធនាគារជាតិនៃកម្ពុជា ព្រោះជាការសម្រេចមួយបានគិតគួរត្រឹមត្រូវបំផុត។

សម្រាប់ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានលើកឡើងថា ក្នុងនាមប្រតិបត្តិករឥណទាននឹងទទួលយក ប៉ុន្តែទន្ទឹមនោះ សម្រាប់ការធ្វើប្រតិបត្តិការឥណទានវិញនឹងមានផលប៉ះពាល់ដល់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោកបានបន្ថែមទៀតថា ការទម្លាក់ឥណទាននេះនឹងធ្វើឲ្យអ្នកធ្វើប្រតិបត្តិករឥណទានកាន់តែមានប្រសិទ្ធភាពជាងមុន ហើយជាមធ្យមឥណទានដែលស្ថាប័នមីក្រូហិរញ្ញវត្ថុផ្តល់ជូនដល់ប្រជាពលរដ្ឋជាមធ្យមពី២៣ទៅ ២៥% ក្នុង១ឆ្នាំ ទៅតាមស្ថាប័ននីមួយៗ។

យោងតាមធនគារជាតិនៃកម្ពុជាឲ្យដឹងថា ការទម្លាក់ការប្រាក់ឥណទានមកម្រិត១៨% ក្នុងមួយឆ្នាំ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ តទៅជាកំហិត។

ការកំណត់អត្រាការប្រាក់ខ្ពស់បំផុត១៨% ក្នុងមួយឆ្នាំនេះដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌកនិងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេក។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕