ក្រុម​មន្ត្រី​គ្រោង​នឹង​ចុះ​ពិនិត្យ​ការគ្រប់គ្រង​ដី​របស់​លោក ​ទុន វិ​រ​ភាព ​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​

35

រតនគិរី ៖ រហូតមកទល់ពេលនេះ ការឈូសឆាយដីព្រៃរបស់រដ្ឋ ត្រង់ចំណុចបណ្ដោយមាត់ទន្លេសេសាន្ត ក្នុងភូមិភិ ឃុំសេ សាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ពីសំណាក់នាយរងផ្នែករដ្ឋបាលព្រៃឈើបរកែវម្នាក់ គឺលោក ទុន វិរភាព នៅតែបន្តដោយពុំមានការដកថយឡើយ។

ក្រុមមន្ត្រីជំនាញខេត្តរតនគិរី បានអះអាងថា នឹងចុះវាយតម្លៃ ផលប៉ះពាល់បរិស្ថាន ឫថានឹងត្រូវចេញលិខិត ផ្អាកការឈូសឆាយដីរបស់នាយរងផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ទុន វិរភាព ដែលរងការចោទថា បានរំលោភ យកដីមាត់ទន្លេសេសាន្ត ក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។

គម្រោងចុះវាយតម្លៃនេះ ជាការឆ្លើយតបចំពោះសកម្មភាពបន្តការឈូសឆាយយកធ្វើជាកម្មសិទ្ធឯកជន រហូតមកដល់ថ្ងៃទី១៣ ខែមីនា នេះ ដែលលោក ទុន វិរភាព មានតួនាទីជានាយរងផ្នែករដ្ឋបាល ព្រៃឈើបរកែវ បាន សំអាងថា ដីនោះ លោកបានទិញពីប្រជាពលរដ្ឋជាដីចំការស្រាប់ ដូច្នេះ រាល់ការឈូសឆាយមិនបាច់ឆ្លងកាត់អាជ្ញាធរ ឡើយ។

តែទោះជាយ៉ាងណាក្តី លោកមេឃុំសេសាន្ត សេវ ស្វែន បានអំពាវនាវឲ្យមានការជូនដំណឹងដល់គាត់ ជាអាជ្ញាធរដែនដីផង បើចង់ឈូសឆាយដីត្រង់ចំណុចណាមួយនៃឃុំរបស់គាត់។ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ និងលោក កែប កុដ នាយខណ្ឌរដ្ឋបាលព្រៃឈើ បាន ឲ្យដឹងថា ករណីឈូសឆាយដីព្រៃ ឫដីចម្ការរបស់លោក ទុន វិរភាព គឺមិនមានការគោរពច្បាប់ ឫ គោរពអ្នកណាទេ។

លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ នៅថ្ងៃទី១៣ ខែមីនា នេះ បានថ្លែងថា លោកមិនយល់ពីរឿងនេះ ទេ ព្រោះលោក ទុន វិរភាព ជាអ្នកកាន់ស្ថាប័នហ្នឹងហើយ ។ លោកថា ការឈូសឆាយនេះជាលក្ខណៈឯករាជ្យ បើមិនឯករាជ្យគេត្រូវឆ្លងកាត់អាជ្ញាធរហើយ ដូច្នេះរឿងនេះ ទុកឲ្យថ្នាក់លើរបស់គេជាអ្នកចាត់ចែង អាជ្ញាធរគ្រាន់តែមានភារកិច្ចសម្របសម្រួលប៉ុណ្ណោះ។

ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុនខេមរិន្ទ បានថ្លែងថា លោកមិនទាន់ប្រាកដថា វាមានផលប៉ះពាល់ បរិស្ថានកម្រិតណាទេ ប៉ុន្តែនៅក្រោយបញ្ចប់កិច្ចប្រជុំនៅភ្នំពេញរួច លោកនឹងចាត់ចែងក្រុមការងារ ដើម្បីពិនិត្យវាយ តម្លៃទីតាំងនោះជាក់ស្ដែង។

អនុប្រធានមន្ទីរសុរិយោដីខេត្ត លោក ទឹម មុន្នីរ័ត្ន បានឲ្យដឹងថា ជាទូទៅច្រាំងទន្លេ គឺត្រូវដកឃ្លាពី៥០ម៉ែត្រ ទៅ១០០ម៉ែត្រ គិតតាមស្ថានភាពដី។ រាល់ការឈូសឆាយដែលមិនទុកចំណីដីទន្លេនោះ ជារឿងខុសច្បាប់។ ផ្អែក លើទិដ្ឋភាពច្បាប់ នឹងត្រូវចេញលិខិតទៅម្ចាស់ឲ្យផ្អាកការឈូសឆាយ ហើយប្រសិនមិនអនុវត្តតាមនោះទេ នឹង ត្រូវអនុវត្តតាមច្បាប់ជាធរមាន៕

btvnews(13-03-2016(9))