មន្ត្រី​កាំកុងត្រូល​ខ្មែរ ​​បន្ត​ហាមឃាត់​ការ​នាំចូល​បន្លែ​វៀតណាម​៣​ប្រភេទ​

112

តាកែវ ៖ កាលពីសប្ដាហ៍មុន រថយន្តពិសោធន៍ចល័ត «Mobile Lab» របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅធ្វើការពិសោធន៍លើបន្លែផ្លែឈើនៅច្រកទ្វារភ្នំដិន ហើយបានរកឃើញសារធាតុគីមី ដែលត្រូវហាមឃាត់ ហើយបានសម្រេចហាមឃាត់បន្លែង៣មុខ ពីប្រទេសវៀតណាមមិនឲ្យចូលប្រទេសខ្មែរនោះទេ។

បន្លែបីប្រភេទ មាន ផ្លែម្ទេស ស្លឹកកាឆាយ និងស្លឹកខ្ទឹម ដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិភ្នំដិន នៅតែបន្តធ្វើការហាមឃាត់មិនឲ្យនាំចូលមកកាន់ទីផ្សារស្រុកខ្មែរតទៅទៀត។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា បន្លែទាំងបីប្រភេទខាងលើ នៅតែមិនត្រូវបានអនុញ្ញាតឲ្យនាំចូលមកស្រុកខ្មែរនោះទេ បើទោះបីជាកន្លងមក មានក្រុមឈ្មួញបានមកទាក់ទងមន្ត្រីកាំកុងត្រូល ដោយបង្ហាញពីលិខិតស្នាមមួយចំនួនក៏ដោយ។

បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ មូលហេតុដែលមិនអនុញ្ញាតឲ្យនាំបន្លែទាំងបីប្រភេទ ខាងលើចូលមកទីផ្សារស្រុកខ្មែរ គឺបណ្ដាលមកពីក្រុមឈ្មួញនាំចូលពុំមានឯកសារបញ្ជាក់ច្បាស់លាស់ ពីមន្ត្រីកសិកម្មវៀតណាម ដែលបានបញ្ជាក់ថា បន្លែទាំងបីប្រភេទខាងលើ ពុំមានកាកសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើបន្លែទាំងអស់នោះ។ ដោយឡែកមន្ត្រីកាំកុងត្រូលនៅតាមព្រំដែន ទាំងអស់ កំពុងតែធ្វើការរឹត បន្តឹងក្នុងការអនុញ្ញាតឲ្យមានការនាំបន្លែផ្លែឈើចូលមកកាន់ទីផ្សារស្រុកខ្មែរ។ រាល់បន្លែ ផ្លែឈើទាំងអស់ ដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្ត្រីកាំកុងត្រូលធ្វើតេស្តត្រួតពិនិត្យជាមុនសិន មុននឹងអនុញ្ញាតឲ្យមានការនាំចូល។

នៅក្នុងការចុះត្រួតពិនិត្យលើបន្លែផ្លែឈើរបស់រថយន្តពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីសប្ដាហ៍មុន ដោយបានធ្វើការពិនិត្យលើបន្លែផ្លែឈើចំនួន២៨មុខ តែជាលទ្ធផល បានរកឃើញបន្លែចំនួនបីមុខ រួមមាន ផ្លែម្ទេស ស្លឹកកាឆាយ និងស្លឹកខ្ទឹម មានផ្ទុកកាកសំណល់សម្លាប់សត្វល្អិតនៅលើបន្លែទាំងអស់នេះ។

កាកសំណល់ថ្នាំសម្លាប់សត្វល្អិតនេះ វានឹងនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដូចជា ថប់ដង្ហើម ហប់ៗ និងរលាកបំពង់កជាដើម ហេតុដូច្នោះហើយ ទើបបន្លែទាំងបីប្រភេទនេះ ត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន មិនឲ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា៕

kamkuntrol takeo kamkuntrol takeo1 kamkuntrol takeo2 kamkuntrol takeo3