កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​ ប្រឈម​ការខាតបង់​ ខណៈ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ខ្លាំង

70

ភ្នំពេញ ៖ កសិករអ្នកចិញ្ចឹមជ្រូក និងសមាគមអ្នកចិញ្ចឹមជ្រូក លើកឡើងថា រាល់ថ្ងៃនេះ កសិករអ្នកចិញ្ចឹមជ្រូកប្រឈមការខាតបង់ ខណៈទីផ្សារមានការធ្លាក់ចុះ ខ្លាំងផងនោះ។

លោក លី ឡាវីល នាយកចាត់ការទូទៅក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ខូអិលធីឌី បានថ្លែងថា បច្ចុប្បន្ននេះ ការចិញ្ចឹមជ្រូករបស់កសិករមួយចំនួនធំបានលះបង់អាជីវកម្មរបស់ខ្លួនចោល ប៉ុន្តែសម្រាប់ការចិញ្ចឹមជាលក្ខណៈឧស្សាហកម្មវិញ ឫ វិនិយោគវិញនៅតែបន្តសកម្មភាពដដែល ព្រោះបាននាំពូជល្អៗ មកពីក្រៅប្រទេសមានបច្ចេកទេសល្អ ទើបអាចឈរជើងក្នុងទីផ្សារបាន។

លោក បានបញ្ជាក់ទៀតថា ចំពោះក្រុមហ៊ុនម៉ុងឫទ្ធី មានការខាតបង់ច្រើន ប៉ុន្តែអាចទប់ទល់បាន ហើយបញ្ហានេះ បានកើតឡើងរយៈពេល ៦ខែហើយ ។ ដោយឡែក តម្លៃជ្រូកចុះថោកមែន តែនៅក្នុងសង្វាក់ផលិតកម្មវិញនៅតែដំណើរការល្អ និងអាចទប់ទល់ការនាំចូលយ៉ាងគំហុកពីប្រទេសវៀតណាមផងដែរ។

តំណាងក្រុមហ៊ុន ខាងលើបន្តថា ក្នុងរយៈពេល ៣ ឫ ៤ខែនេះ ច្រកទ្វារចិន បានបិទមិនឲ្យប្រទេសវៀតណាម នាំទៅបាន ដែលធ្វើឲ្យជ្រូកវៀតណាមហូរចូលមកប្រទេសកម្ពុជា ហើយធ្វើឲ្យតម្លៃជ្រូកមានតម្លៃថោក។ លោក បានបន្ថែមថា នៅពេលដែលជ្រូកវៀតណាមហូរចូលកម្ពុជា ធ្វើឲ្យថ្លៃដើមនៃការផលិតរបស់កសិករ មិនអាចលក់ប្រកួតប្រជែងគេបាន ទើបជម្រុញឲ្យកសិករលក់ក្នុងតម្លៃថោកតែម្តង។

សម្រាប់ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃនេះ កសិករស្ទើរតែ ១០០% បានបោះបង់ចោលរបរចិញ្ចឹមជ្រូកនេះ ហើយនៅសល់តែក្រុមហ៊ុនធំៗ ប៉ុណ្ណោះ។ លោក បានអះអាងទៀតថា កន្លងមកលោកធ្លាប់បានស្នើទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជាច្រើនដង ដើម្បីកោះហៅអ្នកចិញ្ចឹមជ្រូកមកប្រជុំគ្នា រកដំណោះស្រាយរឿងការនាំចូលជ្រូក និងការធ្លាក់ចុះតម្លៃជ្រូកនេះ ប៉ុន្តែមិនទាន់មានចម្លើយនៅឡើយ។

ក្រុមហ៊ុនចិញ្ចឹមជ្រូក និងសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាបានទទូចឲ្យក្រសួងកសិកម្មរឹតបន្តឹងការនាំចូលជ្រូកខុសច្បាប់ និងបន្ថយការនាំចូលជ្រូកពីប្រទេសវៀតណាម និងថៃ ដើម្បីដោះបន្ទុករបស់កសិករខ្មែរជាអ្នកចិញ្ចឹមផ្ទាល់តែម្តង៕

pit pit3 pit2 pit1