NOCC ប្រកាស​ថា ពានរង្វាន់​កីឡា​កម្ពុជា​​សម្រាប់ឆ្នាំ២០១៦ មាន​ចំនួន ៩​ពាន​ផ្សេង​ៗ​គ្នា​

51

អូឡាំពិក៖ ពានរង្វាន់កីឡាកម្ពុជាលើកទី២ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសណ្ឋាគារណាហ្គាវើល ដើម្បីលើកទឹកចិត្តអត្តពលិកឆ្នើមប្រចាំ គ្រោងនឹងរៀបចំជាថ្មីនៅយប់ថ្ងៃទី២១ ខែមីនាខាងមុខនេះហើយដោយមានពានរង្វាន់ចំនួន ៩ផ្សេងៗគ្នាដែលនឹងត្រូវចំណាយប្រាក់រង្វាន់លើកទឹកចិត្តសរុប ១៧,០០០ដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

 

ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនកម្មវិធីចាប់ផ្ដើមម្សិលមិញថា ឆ្នាំនេះក្រុមហ៊ុនណាហ្គាវើលដែលជាអ្នកឧបត្ថម្ភទាំងស្រុង លើការរៀបចំពានរង្វាន់កីឡាកម្ពុជាបានសម្រេចដំឡើងពានរង្វាន់ចំនួន ៣បន្ថែមទៀត រួមមានពានក្រុមកីឡាឆ្នើមប្រចាំឆ្នាំ, ពានព្រឹទ្ធាចារ្យកីឡា និងពានរង្វាន់កីឡាប្រពៃណីដណ្ដើមបានមេដាយលើឆាកអន្តរជាតិ។ ចំណែកពានរង្វាន់មានស្រាប់គឺមានពានកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ, ពានកីឡាករ-កីឡាការិនីជនពិការឆ្នើមប្រចាំឆ្នាំ, ពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ និងពានរូបភាពកីឡាល្អប្រចាំឆ្នាំ។ ឯកឧត្ដមបន្តថា ចំពោះការជ្រើសរើសអត្តពលិកវិញគឺមិនមែនជ្រើសរើសអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៧នោះទេ គឺជ្រើសរើសតាមសមត្ថភាពជាក់ស្ដែង ដែលអត្តពលិកម្នាក់ៗសម្រេចបានកាលពីឆ្នាំ២០១៦កន្លងទៅ ដោយប្រកាន់ភ្ជាប់គោលការណ៍តម្លាភាពបំផុត ដើម្បីផ្ដល់យុត្តិធម៌ជូនអត្តពលិកចូលរួមដែលខិតខំដណ្ដើមស្នាដៃជូនជាតិ។

លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលបានថ្លែងថា ការរួមចំណែកបង្កើតពានរង្វាន់កីឡាកម្ពុជានេះឡើង គឺដើម្បីលើកទឹកចិត្តការខិតខំរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងព្រឹទ្ធាចារ្យកីឡាកម្ពុជា ដែលតែងលះបង់កម្លាំងកាយចិត្ត ដើម្បីដណ្ដើមកិត្តិយស និងបង្កើតស្នាដៃជូនជាតិ ហើយបន្តគាំទ្រពួកគេឲ្យខិតខំបន្ថែមទៀត ដើម្បីបន្តយុទ្ធនាចូលរួមប្រកួតលើឆាកអន្តរជាតិ និងដណ្ដើមមេដាយជូនជាតិជាបន្ដបន្ទាប់ទៀត៕

អត្ថបទ លី ឈុនឡា