គ្រូ​បឹង​កេត​សប្បាយចិត្ត​ក្រោយរក​បាន ៣​ពិន្ទុ​ដំបូង តែ​មិនសង្ឃឹម​ស្វែងរក​កៅអី​វគ្គបន្ត​

92
លោក John Mcglynn គ្រូ​បង្វឹក​ក្រុម​បឹងកេត​អង្គរ

បាល់ទាត់៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជាបានទទួល ៣ពិន្ទុហើយ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ក្លឹបបាល់ទាត់អាស៊ី AFC Cup 2017 ពូលF បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Magwe របស់មីយ៉ាន់ម៉ាដោយលទ្ធផល ១-០ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ ដែលធ្វើឲ្យគ្រូបង្វឹកលោក John Mcglynn ពេញចិត្តជាខ្លាំងចំពោះជ័យជម្នះលើកដំបូងនេះ ប៉ុន្តែយ៉ាងណាលោកមិនសូវមានសង្ឃឹមក្នុងការឡើងទៅវគ្គបន្តនោះទេ។

W12នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក John Mcglynn គ្រូបង្វឹកក្រុមបឹងកេតអង្គរបានលើកឡើងថា ការយកឈ្នះក្រុម Magwe ១-០ គឺជាលទ្ធផលដ៏ល្អ ហើយក៏មិនមែនជាសំណាងដែរ គឺជាការខិតខំប្រឹងប្រែងរបស់កូនក្រុមពិតៗ។ ចំពោះដំណើរឆ្ពោះទៅដណ្ដើមកៅអីវគ្គបន្តក្នុងពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះវិញគឺអាចជួបការលំបាកច្រើន ព្រោះក្រុមនីមួយៗសុទ្ធតែចង់ឈ្នះ តែយ៉ាងណាលោកនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីកិត្តិយសក្រុមបាល់ទាត់កម្ពុជាមួយនេះ។

លោក Zaw Win Tun គ្រូបង្វឹកក្រុម Magwe
លោក Zaw Win Tun គ្រូបង្វឹកក្រុម Magwe

ជាមួយគ្នានោះដែរលោក Zaw Win Tun គ្រូបង្វឹកក្រុម Magwe បានសម្ដែងការកោតសរសើរក្រុមបឹងកេតអង្គរ ដែលធ្វើបានល្អខុសពីការរំពឹងទុករបស់ខ្លួន។ ប៉ុន្តែលោកមិនទាន់អស់សង្ឃឹមនោះទេ ព្រោះការប្រកួតជើងទី២ នៅសល់ ៣ប្រកួតក្នុងដៃទៀត តែបើឲ្យក្រុម Magwe ប្រជែងកៅអីវគ្គបន្តគឺមិនងាយស្រួលនោះទេ ព្រោះបច្ចុប្បន្នក្រុមខ្លួនកំពុងឈរបាតតារាងនៅឡើយ។ គួរបញ្ជាក់ថា ជ័យជម្នះលើកដំបូងរបស់ក្រុមបឹងកេតអង្គរខាងលើ បានជួយក្រុមតំណាងកម្ពុជាឡើងមកឈរលេខរៀងទី៣ បណ្ដោះអាសន្ន និងមាន ៣ពិន្ទុក្នុងពូលF ជាមួយលទ្ធផលប្រកួត ៣លើកឈ្នះ១ និងចាញ់២។ ចំណែកក្រុម Johor Darul Tazim របស់ម៉ាឡេស៊ីគឺឈរកំពូលតារាង និងមាន ៧ពិន្ទុ បន្ទាប់ពីលត់ក្រុម Global FC របស់ហ្វីលីពីនយក ៣ពិន្ទុបន្ថែមលើទឹកដីខ្លួនកាលពីយប់មិញ ដែលធ្វើឲ្យក្រុម Global ធ្លាក់មកឈរលេខរៀងទី២ និងមាន ៦ពិន្ទុដដែល៕

អត្ថបទ លី ឈុនឡា