ឆ្នាំ​២០១៧​នេះ ​គម្រោង​វិនិយោគ​ធំៗ ​ផ្នែក​អចលនទ្រព្យ​កំពុង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ

349

ព្រះសីហនុ ៖ បើគិតត្រឹមឆ្នាំ២០១៧នេះ មានគម្រោងវិនិយោគធំៗ ផ្នែកអចលនទ្រព្យកំពុងតែបោះទុនវិនិយោគ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅដ៏សំខាន់ផ្នែកទេសចររបស់កម្ពុជា។

ឯកឩត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាព វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ គិតចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៧នេះ មានក្រុមហ៊ុនអចលនទ្រព្យ ចំនួន ១០ក្រុមហ៊ុនបានបោះទុនវិនិយោគ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ហើយថ្មីៗនេះ មានក្រុមហ៊ុនចំនួនពីរទៀតដែលកំពុងតែសិក្សាដាក់ផែនការវិនិយោគ។

ឯកឩត្តម បានបន្តទៀតថា បើធៀបនិងគម្រោងចាស់មកទល់ពេលនេះ ផែនការ វិនិយោគបានបន្តដំណើរការធម្មតា ដែលអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន ក្នុងស្រុក និងក្រៅប្រទេស។

ឯកឩត្តម បានបន្ថែមថា មូលហេតុបានជាវិនិយោគិនចាប់អារម្មណ៍ខេត្តព្រះសីហនុគឺមានកត្តាជាច្រើន ដូចជា កត្តាស្ថិរភាពនយោបាយ កត្តាសន្តិសុខល្អ និងការធានាសុវត្ថិភាពល្អដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេស សក្តានុពលសមុទ្រកម្ពុជាតែម្តង។

សម្រាប់ ឯកឩត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនវិនិយោគនៅខេត្តព្រះសីហនុ និងតំបន់ឆ្នេរជាការឆ្លុះបញ្ចាំងពីការរីកចម្រើនវិស័យទេសចរកម្ពុជា និងការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជាដែលមានការរីកចម្រើន។

ឯកឩត្តម បានបញ្ជាក់ថា ខេត្តព្រះសីហនុជាឱកាសដ៏ពិសេសម្រាប់អ្នកវិនិយោគ ព្រោះជាតំបន់ឆ្នេរសមុទ្រដែលមានសក្តានុពលផ្នែកទេសចរ និងជាតំបន់មានទំនាក់ទំនងផ្នែកឩស្សាហកម្ម ពាណិជ្ជកម្ម ដែលជាការរួមចំណែកក្នុងខេត្តបង្កើតការងារធ្វើក្នុងតំបន់និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈវិស័យសំណង់។

យោង តាម លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានគួរបញ្ជាក់ថា ខេត្តព្រះសីហនុអ្នកវិនិយោគគួរតែសាងសង់បែបទេសចរ និងលំហែរកម្សាន្តមានដូចជា ភោជនីយដ្ឋាន ខុនដូ ផ្ទះចុងសប្តាហ៍ ប៉ុន្តែមិនមែនសង់ជាកន្លែងរស់នៅ ជាអចិន្ត្រៃយ៍ នោះទេ។

លោក បានបន្ថែមទៀតថា ចំពោះតម្លៃដីធ្លីវិញរយៈពេល២ ឆ្នាំចុងក្រោយនេះតម្លៃអចលនខេត្តព្រះសីហនុ កំពុងមានតម្លៃថ្លៃ ព្រោះមានក្រុមហ៊ុនវិនិយោគកាន់តែច្រើន ហើយតាមរយៈការវិនិយោគនេះធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែល្អប្រសើរផងដែរ៕

yun min yun min6 yun min5 yun min4 yun min2 yun min3