ស្នងការ​នគរ​ខេត្តតាកែវ ​ព្រមាន​អនុវត្ត​តាមច្បាប់ ​ដល់​មន្ត្រី​ដែល​ឃុបឃិត ​ជាមួយ​ឈ្មួញ​ខិលខូច

220

តាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ ព្រមានដល់មន្ត្រីនគរបាល ដែលនៅតាមព្រំដែនថា បើសិនជារកឃើញថា ឃុបឃិត ជាមួយឈ្មួញខិលខូច ប្រព្រឹត្តល្មើស នឹងច្បាប់នោះ មន្ត្រីរូបនោះ នឹងត្រូវប្រឈមមុខ ជាមួយនឹង ច្បាប់ មិន ខាន។

លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ នៅក្នុងពិធីបំពាក់ ឋានន្តរសក្ដិដល់មន្ត្រីនគរបាល នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៧ បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលទូទាំងខេត្តតាកែវ ទាំងអស់ជាពិសេសនគរបាលដែលយាមនៅច្រកទ្វារព្រំដែន នានាជាប់នឹងខេត្តអានយ៉ាងប្រទេសវៀតណាម មិនត្រូវប្រព្រឹត្តទង្វើណាដែលខុសច្បាប់ ដែលនាំអោយប៉ះពាល់ដល់មុខមាត់ មន្ត្រីនគរបាលជាតិនោះទេ។

លោកស្នងការ បានបន្តថា សមត្ថកិច្ចដែលយាមនៅច្រកទ្វារព្រំដែន ទាំងអស់ត្រូវត្រួតពិនិត្យអោយបាន ត្រឹមត្រូវរាល់ការចេញចូលពីសំណាក់ជនបរទេស ជាពិសេសជនជាតិវៀតណាម។ បើការចូលណាមួយគ្មានឯកសារបញ្ជាក់ច្បាស់លាស់ មិនត្រូវអនុញ្ញាតអោយចូលមកកាន់ប្រទេសកម្ពុជានោះទេ។ ព្រោះកន្លងមកមានការរិះគន់ និងការចោទប្រកាន់ថា សមត្ថកិច្ចបានបើកដៃអោយជនជាតិវៀតណាម ចូលមកដោយសេរី ដូច្នោះដើម្បីលប់បំបាត់នូវការរិះគន់ទាំងអស់នេះ នគរបាលត្រូវអនុវត្តទៅតាមច្បាប់ ហើយបើមានមន្ត្រីណាឃុបឃិត ប្រព្រឹត្តទង្វើខុសច្បាប់ និងត្រូវទទួលសុខត្រូវចំពោះមុខច្បាប់។

លោកស្នងការរូបនេះ បានជម្រុញថា មន្ត្រីនៅតាមច្រកទ្វារព្រំដែនត្រូវធ្វើការទប់ស្កាត់នូវទំនិញរត់ពន្ធខុសច្បាប់ដោយក្នុងនោះទំនិញមួយចំនួនខូចគុណភាព ហើយវា នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលទិញយកទៅប្រើប្រាស់។ ឯទំនិញមួយចំនួនទៀតមិនបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវទៅតាមច្បាប់។ សកម្មភាពខុសច្បាប់ទាំងអស់នេះ សមត្ថកិច្ចនៅតាមព្រំដែន ត្រូវតែបង្ក្រាបអោយខានតែបាន ហើយត្រូវចាប់ពួកឈ្មួញរត់ពន្ធខុសច្បាប់នោះយកមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីព្រមាន ចំពោះអ្នករកស៊ីផ្សេងទៀតៗកុំអោយយកតម្រាប់តាម៕

ung somnang ung somnang2 ung somnang1