មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ មន្ត្រី​ជំនាញ​នៅតែ​ជួប​កង្វះ​សមត្ថភាព​ពិនិត្យ​ផលិតផល​ក្លែងក្លាយ​

144

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា មន្ត្រីជំនាញដែលមានសមត្ថកិច្ចក្នុងការចូលរួមបង្ក្រាបផលិតផលក្លែងក្លាយ មកដល់នៅពេលតែជួបការកង្វះខាតសមត្ថភាពក្នុងការត្រួតពិនិត្យគុណភាព និងផលិតផលក្លែងក្លាយ ដែលបញ្ហានេះ កម្លាំងសមត្ថកិច្ច បានកំពុងទាមទារឲ្យមានការបំពាក់ប្រព័ន្ធត្រួតពិនិត្យគុណភាពនូវរាល់ផលិតផលដែលកំពុងបាននាំចូលរួមកម្ពុជា។

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក ចូលរួមវេទិកាអន្តរជាតិ ស្តីពីសហប្រតិបត្តិការទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយ នាថ្ងៃទី១៥ ខែមីនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងទំនិញខូចគុណភាព បានថ្លែងថា បច្ចុប្បន្នគណៈកម្មាធិការអន្តរក្រសួងមួយនេះ បានកំពុងដំណើរបំពាក់ប្រព័ន្ធគ្រប់គ្រងទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ ដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងខូចគុណភាព។

ឯកឧត្ដម បញ្ជាក់ថា គណៈកម្មាធិការអន្តរក្រសួងបានកំពុងបានដំណើរប្រមូលផលិតផលចុះបញ្ជីទំនិញធ្វើគំរូម៉ាកផលិតផលដើម នៅក្នុងម៉ាស៊ីននោះ ហើយថា បន្ទាប់ពីប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យគុណភាព បានរៀបចំចប់ ប្រព័ន្ធគ្រប់គ្រងគុណភាពផលិតផលនឹងត្រូវដំណើរការ ជាពិសេសការត្រួតពិនិត្យគុណភាពផលិតផលថ្នាំពេទ្យ។

ឯកឧត្ដម មៀច សុផាន់ណា ថា ម៉ាស៊ីនត្រួតពិនិត្យគុណភាព ផលិតផលក្លែងក្លាយនោះ គឺផ្ដល់ដោយអង្គការសហប្រជាជាតិ។

ឯកឧត្ដម ថាខណៈម៉ាស៊ីនមិនទាន់ដាក់ដំណើរការ គណៈកម្មាធិការអន្តរក្រសួងបានកំពុងជំរុញការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹងជាសាធារណៈ អំពីអ្វីទៅជាផលិតផលក្លែងក្លាយ និងការពន្យល់ឲ្យប្រជាពលរដ្ឋយល់ទំនិញហួសគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់កុំឲ្យគេប្រើប្រាស់ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពជាដើម។

គួរបញ្ជាក់ថា ទស្សនកិច្ច ឯកឧត្ដម មៀច សុផាន់ណា ទៅកាន់ប្រទេសមារ៉ុក ចូលរួមវេទិកាអន្តរជាតិស្តីពីសហប្រតិបត្តិការទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយ នឹងត្រូវដំណើរការចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិនានេះ ដែលមានបណ្តាថ្នាក់ដឹកនាំបង្ក្រាបផលិតផលក្លែងក្លាយ ខូចគុណភាពជាច្រើនបានអញ្ជើញចូលរួម ហើយក្រៅពីនេះ ក៏មានបណ្តាក្រុមហ៊ុនធំៗនៅជុំវិញពិភពលោកចូលរួមផងដែរ៕