ការ​ចុះ​ឈ្មោះ​​ចូល​រួម​​ប្រកួត​​កីឡា​អុក​ចត្រង្គ​២០១៧ បាន​បិទទទួលពាក្យ​ ខណៈ​មាន​​​អ្នក​ចុះ​ឈ្មោះ​ ១៥៣​នាក់​

134
រូបឯកសារ

អុកចត្រង្គ៖ ការចុះឈ្មោះចូលរួមប្រកួតកីឡាអុកចត្រង្គ ដណ្ដើមតំណែងស្ដេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ បានបញ្ចប់ការទទួលពាក្យហើយ បន្ទាប់ពីទទួលបានអ្នកចូលរួមសរុប ១៥៣នាក់។ នេះបើតាមការឲ្យដឹងពីលោក ឯម ហៀង ប្រធានរដ្ឋបាលនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាអុកកម្រិតថ្នាក់ជាតិមួយនេះ។

 

នៅក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់គេឃើញមានវត្តមានកីឡាករសំខាន់ៗ ៣រូបដែលសុទ្ធតែជា អគ្គលេខាធិការ និងសមាជិករបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រួមមានលោក ឆយ វីរ៉ា ស្ដេចអុកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១០, លោក ឈាវ បូរ៉ា ស្ដេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២ជំនាន់កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥, លោក ហូយ សុខណា ស្ដេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៦ រួមទាំងកីឡាករជើងខ្លាំងចាស់-ក្មេងផ្សេងទៀត។ លោក ឯម ហៀង បានឲ្យដឹងដែរថា ចំពោះកម្មវិធីប្រកួតជម្រុះដំណាក់កាលទី១ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមីនានេះគឺត្រូវបានផ្លាស់ប្ដូរហើយ ដោយសារភាពមមាញឹករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាស្ថាប័នគ្រប់គ្រងព្រឹត្តិការណ៍មួយនេះ ដូច្នេះការប្រកួតផ្លូវការត្រូវបានលើកទៅប្រកួតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនាខាងមុខវិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែល។

គួរបញ្ជាក់ថា ការប្រកួតដំណាក់កាលទី១ នឹងជម្រុះទុកត្រឹម ៨នាក់ប៉ុណ្ណោះ សម្រាប់ឆ្ពោះទៅប្រកួតដំណាក់ទី២ ឬជុំផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅតំបន់អង្គរខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។ ចំពោះប្រាក់រង្វាន់វិញគឺរក្សានៅដដែល ពោលគឺលេខ១ ទទួលបានប្រាក់រង្វាន់ ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល និងលេខ៣ ទទួលបាន ៤លានរៀល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
អត្ថបទ លី ឈុនឡា