តុលាការ​កាត់ទោស​លោក​ សម​ រង្ស៊ី​ ករណី​ចោទ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពីក្រោយ​​អំពើ​ឃាតកម្ម​ លើ​លោក​បណ្ឌិត​ កែម​ ឡី

193

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី ។

ឯកសារតុលាការ បង្ហាញថា សវនាការនេះ នឹងធ្វើ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នាសាលសវនាការទី១ ដោយមានលោក អ៊ី ថាវរៈ ជាចៅក្រមជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ ។

លោក សម រង្ស៊ី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៣០៥ , មាត្រា៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុស បំផុល ក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ទៀតផង ។

ជាការឆ្លើយតបនូវការចោទប្រកាន់គ្មានភស្តុតាងនេះ មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងត្រឹមតែ១០០រៀលប៉ុណ្ណោះ ៕