សាជីវកម្ម​ខ្នាតតូច​និង​មធ្យម​កូរ៉េ​មានបំណង​ចាប់ដៃ​គូរ​វិនិយោគ​សហ​គ្រាស​នៅ​កម្ពុជា​

257

ភ្នំពេញ ៖ សាជីវកម្មខ្នាតតូចនិងមធ្យមកូរ៉េមានបំណងចាប់ដៃគូរ ជាមួយសហគ្រាសនៅកម្ពុជា ហើយនេះ បើយោងតាមកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៥ ខែមីនានេះនៅសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោកឩកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងបន្ទាប់ពីចុះហត្ថលេខានៅថ្ងៃទី ១៥ ខែមីនានេះថា សាជីវកម្មខ្នាតតូចនិងមធ្យមកូរ៉េមានបំណងជួយសម្របសម្រួលវិនិយោគទុន ដែលមានបំណងចង់ធ្វើការវិនិយោគរវាងប្រទេសទាំងពីរ នឹងជម្រុញការធ្វើពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែធំ ជាពិសេស គឺការជម្រុញគាំទ្រនាំផលិតផលខ្មែរនៅទីផ្សារកូរ៉េ។

លោកឩកញ៉ា បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជាជួយគាំទ្រដល់វិនិយោគទុនពីកូរ៉េ ដែលមានបំណងចង់វិនិយោគនៅកម្ពុជា ឬចង់ចាប់ដៃគូរសហការជាមួយសហគ្រាសក្នុងស្រុក និងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកធ្វើយ៉ាងណាឲ្យការធ្វើអាជីវកម្មប្រទេសទាំងពីរគ្រប់ជ្រុងជ្រោយ។

សម្រាប់ លោក លីម ជេអ៊ុន (Lim Chae-Un) ប្រធានសាជីវកម្មខ្នាតតូចនិងមធ្យមកូរ៉េបានថ្លែងបញ្ជាក់ដែរថា សហគ្រាសកូរ៉េ នឹងជួយការបណ្តុះបណ្តាលបច្ចេកវិទ្យាដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ហើយពេលនោះ អាចផលិតផលិតផលពាក់កណ្តាលសម្រេចពីកម្ពុជានាំចេញទៅកូរ៉េ។

លោកបានបន្ថែមទៀតថា ភាគីកូរ៉េបានរឹតចំណងមិត្តភាពរវាងវិស័យឯកជនរបស់ប្រទេសកម្ពុជា នឹងបង្កើនកិច្ចសហការ សេដ្ឋកិច្ចឲ្យបានខ្លាំងក្លា ជាងមុនលើផ្នែកអាជីវកម្មប្រទេសទាំងពីរ។

នៅក្នុងពិធីចុះហត្ថលេខាកាលពីល្ងាចថ្ងៃទី ១៥ ខែមីនានេះ សាជីវកម្មខ្នាតតូច និងមធ្យមកូរ៉េ និងសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្តេជ្ញាថា នឹងជម្រុញឲ្យមានការរៀបចំជំនួប ពាណិជ្ជកម្មនានា រវាងស្ថាប័នទាំងពីរ និងបង្កើតឲ្យមានការបណ្តុះបណ្តាល ជម្រុញបច្ចេកវិទ្យាពីកូរ៉េ ដល់កម្ពុជា។

លើសពីនេះ ធ្វើយ៉ាងណាឲ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងអស់ថ្លៃដើមផលិតទាប។ ជម្រុញសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាធ្វើជាអ្នកផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់សហគ្រាសកូរ៉េបាន៕

thea tang por1