រដ្ឋាភិបាល​កំពុង​ព្រាង​គោលនយោបាយ​សំរាប់​វិស័យ​វាយនភណ្ឌ

55

ភ្នំពេញ ៖ ក្នុងគោលដៅធ្វើឲ្យមានសុខដុមនីយកម្មក្នុងវិស័យវាយនភណ្ឌ រដ្ឋាភិបាលកម្ពុជា កំពុងធ្វើសេចក្តីព្រាងគោលនយោបាយថ្មីមួយ ទាក់ទងវិស័យវាយណភ័ណ្ឌកម្ពុជា ដើម្បីធ្វើឲ្យវិស័យនេះមានភាពរីកចំរើនប្រកបដោយនិរន្តរភាព។

លោកបណ្ឌិត កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមកាត់ដេរកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ក្នុងបរិបទកម្ពុជាកំពុងមានភាពប្រកួតប្រជែងខ្លាំងជាមួយប្រទេសវៀតណាម ភូមា និងប្រទេសបង់ក្លាដេស និងភាពមិនសូវរឹងមាំផ្នែកផលិតកម្ម រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំគោលនយោបាយថ្មីមួយ ទាក់ទងនឹងវិស័យវាយនភណ្ឌ សម្រាប់ឆ្នាំ២០១៨ ២០២៦។

លោក បន្តថា “ការព្រាងគោលនយោបាយនេះ ធ្វើឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយតាមផែនការគោលនយោបាយនេះ នឹងបញ្ចប់សេចក្តីព្រាង នៅខែមិថុនាខាងមុខនេះ ព្រោះសម្តេចតេជោ គាំទ្រឲ្យមានការរៀបចំគោលនយោបាយនេះឲ្យបានលឿន”។

លោក បន្តថា “វិស័យអ្វីមួយត្រូវមានគោលនយោបាយច្បាស់លាស់ថា យើងកំពុងស្ថិតនៅក្នុងស្ថានភាពណា យើងកំពុងធ្វើដំណើរទៅណា និងចង់សម្រេចគោលដៅបែបណា និងដើម្បីការពារហានិភ័យដែលអាចកើតមានចំពោះមុខ”។

លោកបណ្ឌិត កាំង ម៉ូនីកា បានបន្តថា ប្រសិនជាមានហានិភ័យកើតមានឡើង តើអ្នកក្នុងវិស័យនេះត្រូវធ្វើអ្វីដើម្បីទប់ស្កាត់ ព្រោះយើងមិនអាចធ្វើអ្វីមួយដោយគ្មានផែនការនោះទេ។ បច្ចុប្បន្នសមាគមរោងចក្រកាត់ដេរ មានរោងចក្រផលិតសំលៀកបំពាក់ចំនួន៥៣០ និងរោងចក្រកាត់ដេរស្បែកជើងចំនួន៦០ ដែលបាន និងកំពុងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង៦០ម៉ឺននាក់។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជាអាស្រ័យលើសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ខណៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មដែលបានដាក់ចេញកាលពីចុងឆ្នាំ២០១៥ ក៏បានដំណើរការដោយល្អប្រសើរ ដែលគោលនយោបាយនេះ បានផ្តល់ការលើកទឹកចិត្តយ៉ាងច្រើនដល់អ្នកវិនិយោគ មកធ្វើការវិនិយោគនៅកម្ពុជា។

លោក បន្តថា ការបណ្តុះបណ្តាល នឹងធ្វើឲ្យផលិតភាពរបស់កម្មករកើនឡើង ដោយបច្ចុប្បន្ននេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈបានកើតឡើងច្រើន ដែលធ្វើឲ្យមានការប្រែប្រួលក្នុងខ្សែសង្វាក់ផលិតកម្ម។លោក បន្តថា នៅពេលណាប្រាក់បៀវត្សរ៍ កម្មករកើនឡើង បានធ្វើឲ្យផលិតភាពកើនឡើងផងដែរ ព្រោះអ្នករកស៊ីបើពួកគេមិនចំណេញ ពួកគេក៏មិនមករកស៊ីនៅកម្ពុជាដែរ។

សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ក្នុងវិស័យកាត់ដេរមានការប្រទាក់ក្រឡាគ្នា រវាងអ្នកវិនិយោគ អ្នកបញ្ជាទិញ និងកម្មករ ដែលភាគីទាំងបីនេះ មិនទាន់មានការវេញចូលគ្នាជាធ្លុងមួយនៅឡើយ ដោយកម្មករចង់បានប្រាក់ខែច្រើន ថៅកែចង់ចំណេញច្រើន ហើយអ្នកបញ្ជាទិញចង់បានតំលៃថោក ដូច្នេះការធ្វើគោលនយោបាយទាក់ទងវិស័យវាយនភណ្ឌនេះ មានគោលដៅធ្វើយ៉ាងណាឲ្យអ្នកពាក់ព័ន្ធទាំងបីផ្នែកនេះ មានសុខដុមនីយកម្មជាមួយគ្នា។

លោកបណ្ឌិតបន្តថា “គោលនយោបាយនេះមានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះ មានការរីកចំរើនប្រកបដោយនិរន្តរភាព និងអាចការពារហានិភ័យបាន ប្រសិនមានបញ្ហាអ្វីមួយកើតឡើង”៕