គ្រូ​បង្គោល​មុខជំនាញ​ពន្លត់​អគ្គិភ័យ​មានការ​យល់ដឹង​បន្ថែម​ច្រើន​បន្ទាប់ពី​បាន​បំប៉ន​ជំនាញ​ពី​គ្រូ​ចិន​

153

សិក្ខាកាមជាគ្រូបង្គោលមុខជំនាញពន្លត់អគ្គិភ័យ និងសង្គ្រោះដែលជាប៉ូលិសចំនួន៧៧នាក់ មកពីតាមស្នងការខេត្តនិងអង្គភាពនានា មានការយល់ដឹងបន្ថែមច្រើនលើជំនាញការងារពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្ទាប់ពីបានបំប៉នជំនាញបន្ថែម។

ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់អោយដឹង ពីលោកឧត្តមសេនីយ៍ឯក អ៊ំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាព កម្ពុជាវៀតណាម ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលវគ្គនេះថ្ងៃទី១៦ ខែមីនាដែលធ្វើនៅសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺក្រោមកិច្ចសហការជួយឧបត្ថម្ភរបស់ក្រុមហ៊ុនTop fire safetyចិន។

លោកនាយកសាលាអោយដឹងទៀតថា មេរៀនសំខាន់ៗដែលសាលាត្រូវ បង្ហាត់បង្រៀនដោយគ្រូជំនាញមកពីប្រទេសចិននិងគ្រូមកពីអគ្គស្នងការនគរបាលជាតិ ដែលវគ្គបានបើកដំណើរការចាប់ពីថ្ងៃទី២០កុម្ភៈមកនោះ មានរបៀបប្រើប្រាស់ រថយន្ត ឧបករណ៍ពន្លត់អគ្គីភ័យ មធ្យោបាយផ្សេងៗទៀតក្នុងការជួយសង្គ្រោះ ការបញ្ជាបូមបាញ់ ការចេញប្រតិបត្តិការ ការពង្រាយទុយយោ ការប្រើប្រាស់ឡង់ABនិងឡង់ផ្កាឈូកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការថែទាំងរថយន្តនិងឧបករណ៍ផងដែរ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលអញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះ បានលើកឡើងថា លទ្ធផលចំណេះដឹងដែលវគ្គទទួលបាននេះឆ្លុះបញ្ចាំងពីការខិតខំរៀនសូត្ររបស់សិក្ខាកាម និងសាលាមានវិន័យល្អផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍រំលឹកថា គ្រោះអគ្គីភ័យនៅតែជាបញ្ហាប្រឈមខ្លាំងនៅកម្ពុជា។ ក្នុងឆ្នាំ២០១៦កន្លងមកនេះ គ្រោះអគ្គីភ័យកើតឡើងមានជាង៦០០ករណីដែល១ថ្ងៃកើតឡើងប្រមាណ២ដង។អគ្គីភ័យជាគ្រោះមហន្តរាយខ្លាំងដែលខ្មែរយើងមានពាក្យស្លោកថាស៊ូលិចទូកកុំអោយភ្លើងឆេះផ្ទះ។ដូចនេះសូមអោយសិក្ខាកាមយកចំណេះដឹងទៅបណ្ដុះបណ្ដាលបន្តនិងជួយពន្លត់អគ្គីភ័យប្រកបដោយឧត្តមតិ មនសិការមនុស្សធម និងវិជ្ជាជីវៈតាមចំណេះដឹងដែលបានបណ្ដុះបណ្ដាល។ សូមជាងវាងអោយបានអារឿងមានអីស៊ូកហោប៉ៅសិនទើបជួយពន្លត់នោះ។

រហូតមកដល់ពេលនេះ សាលានគរបាលជាតិមិត្តភាព កម្ពុជាវៀតណាម បានបណ្ដុះបណ្ដាល និងបំប៉នជំនាញជូនកងកម្លាំងនគរបាលជាតិ បានចំនួន៧វគ្គ។ ក្នុងនោះ សិក្ខាកាមបានចូលរៀនចំនួន៩៧១នាក់ស្រី៥៣នាក់៕