ជប៉ុន៖ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រ៉េក ធីលឺសុន និងសមភាគីជប៉ុនលោក ហ៊្វូមីអុ គិស៊ិដា មាននូវជំនួបទ្វេភាគីមួយនៅក្នុងទីក្រុងតូក្យូ ជាកន្លែងដែលអ្នកទាំងពីរពិភាក្សាលើកិច្ចការក្នុងតំបន់ ដែលរួមមានទាំងការគំរាមកំហែងពីកូរ៉េខាងជើងផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក ធីលឺសុន មកកាន់ប្រទេសជប៉ុនគឺជាផ្នែកដំបូង នៃដំណើរបំពេញទស្សនកិច្ចរបស់លោកមកកាន់អាស៊ី។ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចិនផងដែរក្នុងសប្ដាហ៍នេះ ក្នុងនាមជាមន្ត្រីការទូតកំពូលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ គួរឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិក ៤គ្រាប់ ហើយរដ្ឋឯកោមួយនេះបាននឹងកំពុងអភិវឌ្ឍន៍មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ដែលអាចមានលទ្ធភាពបាញ់ដល់សហរដ្ឋអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា លោក ធីលឺសុន នឹងមាននូវជំនួបដ៏តានតឹង និងសំខាន់មួយ នឹងដៃគូអាមេរិកនៅតំបន់អាស៊ីនាដំណាក់កាលបន្ទាប់ ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង ប៉ុន្តែដំណើរបំពេញទស្សនកិច្ចរបស់លោក ទំនងជាមិនអាចផ្ដល់ការឆ្លើយតបជាក់លាក់ភ្លាមៗបាននោះទេ៕
អត្ថបទ៖ សារ៉ាត់