ស្វាយរៀង​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន​ដាច់ខាត​ក្នុង​ជំនួប​ដណ្ដើម​កំពូល​តារាង​ស្អែក​នេះ

50

បាល់ទាត់៖ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចាត់ទុកជំនួបជាមួយក្រុមកំពូលតារាងភ្នំពេញក្រោននៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែមីនាស្អែកនេះគឺជាការប្រកួតមួយដ៏សំខាន់ហើយក៏ត្រូវការឈ្នះផងដែរ ដើម្បីពង្រឹងគោលដៅឈរលេខ១ ដល់លេខ៣ នៃការប្រកួតសន្សំពិន្ទុជើងទី១ ក្របខណ្ឌជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៧។

 

គ្រូបង្វឹកវ័យ ៣៨ឆ្នាំខាងលើបានឲ្យដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនគឺកំពុងកាន់ ១០ពិន្ទុស្មើគ្នា ហើយក្រុមនីមួយៗក៏ត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីប្រជែងកៅអីកំពូលតារាងផងដែរ ដូច្នេះលោកមិនអាចមើលងាយ ឬធ្វេសប្រហែសចំពោះគូប្រជែងដ៏សំខាន់នេះបានឡើយ។ ប៉ុន្ដែយ៉ាងណាព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតក្រៅដីនៃជើងទី១។ សូមរំឮកថា កាលពីឆ្នាំ២០១៦កន្លងទៅជួបគ្នាជើងទី១ នៅលើទឹកដីរបស់ក្រុមភ្នំពេញក្រោនដូចគ្នា ក្រុមព្រះខ័នរាជស្វាយរៀង បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ១-០ មុននឹងសងសឹកបានវិញ នៅលើទឹកដីរបស់ខ្លួន ដោយយកឈ្នះក្រុមភ្នំពេញក្រោនក្នុងលទ្ធផល ៣-២ ។ ប៉ុន្តែលោក សំ វ៉ាន់ដេត បាននិយាយថា នេះគ្រាន់តែជាលទ្ធផលឆ្នាំចាស់ប៉ុណ្ណោះ រីឯរដូវកាលថ្មី ក្រុមទាំងពីរសុទ្ធតែមានយុទ្ធសាស្ត្រថ្មី ហេតុនេះលទ្ធផលអាចនឹងមានការប្រែប្រួលគ្រប់ពេល បើសិនមានការធ្វេសប្រហែសនោះ។

គួរបញ្ជាក់ថា ក្រៅពីគូប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ខាងលើ ស្អែកនេះក៏កម្មវិធីប្រកួត ២គូផ្សេងទៀតផងដែរ រួមមានក្រុមការពារតំណែងជើងឯកបឹងកេតអង្គរត្រូវជួបក្រុមអាស៊ីអឺរ៉ុប នៅលើទីលានពហុកីឡដ្ឋានជាតិ និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នៅលើទីលានពហុកីឡដ្ឋានស្ដាតចាស់៕

អត្ថបទ លី ឈុនឡា