មិនទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយទេ! ​រឿង​ពលរដ្ឋ​ប្តឹង​មន្ត្រីនគរបាល​ច្រក​៤២​ម្នាក់ ​ជំពាក់​លុយ​មិន​ព្រម​សង

359

បន្ទាយមានជ័យ ៖ នៅមិនទាន់មានដំណោះស្រាយណាមួយជួនប្រជាពលរដ្ឋនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ដែលមន្ត្រីនគរបាលព្រំដែនច្រក៤២ម្នាក់ បានរំលោភលើទំនុកចិត្តខ្ចីលុយ ដោយមានកិច្ចសន្យាប្រព្រឹត្តិ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅ មិនព្រមសង។

ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយ ក្រោយពីបានប្តឹងទៅស្នងការ និងតុលាការលោកស្រី ម៉ាន ម៉ៅ បានឲ្យដឹងថា ពួកគាត់គឺជាជាពលរដ្ឋរស់នៅភូមិត្រកៀតឃុំមុខប៉ែន ស្រុកពួក មានគ្នា១០នាក់ បានទៅដាក់ពាក្យប្តឹងឈ្មោះ កាន់ គឿន និងប្រពន្ធ ឈ្មោះមឿង មានសួរ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទៅតុលាការខេត្ត បន្ទាយមានជ័យ ដើម្បីជួយរកភាពយុត្តិធម៌ឲ្យពួកគាត់។លោកស្រី បន្តថា ឈ្មោះ កាន់ គឿន និងប្រពន្ធ នេះជាអ្នកស្រុកជាមួយគាត់ដែរ តែ ឈ្មោះ គឿន នេះគេបានទៅធ្វើជាប៉ូលិសព្រំដែននៅច្រក៤២ វរៈ លេខ៨៩១(ច្រកម៉ុងចិន) ។ដោយសារការអង្វរលួងលោមពីសំណាក់ ឈ្មោះ គឿន ថារកខ្ចីលុយទៅសងថ្លៃជំពាក់ សហគមន៍កសិកម្មសុវណ្ណរីករាយប្រចាំខេត្តសៀមរាប។ដោយក្តីអាណិតផងនោះ គាត់ក៏ទៅរកលុយមកឲ្យឈ្មោះ គឿន ចំនួន១៣៥០០ដុល្លារ ដើម្បីសងគេ។ប៉ុន្តែមានធ្វើកិច្ចសន្យាខ្ចីលុយ ត្រឹមត្រូវដោយមានសាក្សីផងដែរ។

ក្នុងឯកសារ បានបញ្ជាក់ថា ប្រសិនបើឈ្មោះ កាន់ គឿន នេះ គ្មានលុយសងពួកគាត់នោះទេ គឺឈ្មោះ កាន់ គឿន ព្រមប្រគល់ដីទៅតាមទឹកលុយដែលជំពាក់។ លុះដល់ថ្ងៃទី២១ ដល់ថ្ងៃទី២៩ខែមករា ឈ្មោះ កាន់ គឿន និងប្រពន្ធបានប្រែក្រឡាស់ពាក្យសម្តី និងមិនព្រមធ្វើតាមកិច្ចសន្យាដែលបានធ្វើកាលពីពេលកន្លងទៅ។អាស្រ័យហេតុនេះ ហើយបានជាពួកគាត់ទៅប្តឹងដល់ស្នងការខេត្តបន្ទាយមានជ័យ និងតុលាការខេត្ត ដើម្បីឲ្យជួយរកយុត្តិធម៌មកឲ្យពួកគាត់ដែលជាជនរងគ្រោះផង។

ចំណែកលោក ហូយ វង់ មេភូមិ ត្រកៀត បានឲ្យដឹងកាលពីកន្លងមកថា ឈ្មោះ កាន់ គឿន នេះពិតជាជំពាក់លុយពលរដ្ឋនៅក្នុងភូមិនេះពិតប្រាកដមែន។ពីមុនថា នឹងសងពលរដ្ឋតែក្រោយមកមិនដឹងយ៉ាងម៉េចមកក្រឡាស់សម្តីទើបបងប្អូនពលរដ្ឋនាំគ្នាប្តឹងយកលុយវិញតែម្តង។

លោក បន្តថាក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានលោកបានស្នើឲ្យលោក កាន់ គឿន នេះយកលុយ មកសងពលរដ្ឋវិញ។ កាលពីពួកគាត់មកប្តឹងស្នងការលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងនគរបាល ខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា ករណីនេះ លោកបានកោះហៅភាគីទាំងពីរមកសម្របសម្រួលគ្នាម្តងរួចមកហើយតែមិនទាន់ត្រូវគ្នាសោះហើយរឿងនេះ លោកបានប្រឹងប្រែងជួយផ្សះផ្សា បន្ថែមទៀត។

ដោយសារមិនទាន់ទទួលបានសំណងតាមកិច្ចសន្យា និងការសម្របសម្រួលគ្នាជាថ្មីម្ដងទៀត ក្រុមពលរដ្ឋ បានទទូចឲ្យស្ថាប័នតុលាការមេត្តាជួយរកភាពយុត្តិធម៌ឲ្យពួកគាត់ផងព្រោះពួកគាត់ គឺជាពលរដ្ឋក្រីក្រជំពាក់លុយធនាគារដូចតែគ្នាទេ។ទាក់ទង់និងករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោក កាន់ គឿន ជាមន្ត្រីនគរបាលបាននៅឡើយទេ ៕

btvnews(17-03-2016(2))