មនុស្ស ៤២​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​ក្នុង​ការ​​វាយប្រហារ​តាម​អាកាស​​លើ​តំបន់​ពួក​ឧទ្ទាម​​គ្រប់​គ្រង​ក្នុង​ទីក្រុង​អាឡេប៉ូ​

664

ស៊ីរី៖ រូបភាពវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញពីក្រុមសមាជិកការពារជនស៊ីលកំពុងជីកកកាយកម្ទេចថ្ម បន្ទាប់ពីការវាយប្រហារតាមអាកាសប៉ះទង្គិច លើវិហារសាសនាអ៊ីស្លាមមួយក្នុងប្រទេសស៊ីរីដែលគេនិយាយថា វិហារឈ្មោះអាល់ជីណាក្នុងប្រទេសស៊ីរី។

F13ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គ្រាមប្រចាំនៅប្រទេសស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងបានវាយប្រហារលើវិហារសាសនាអ៊ីស្លាមមួយ ក្នុងស្រុកអាល់ជីណានៃទីក្រុងអាតារីបភាគខាងត្បូងខេត្តអាឡេប៉ូ ត្រួតត្រាដោយក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២នាក់ និងរាប់សិបនាក់រងរបួស។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គ្រាមប្រចាំនៅប្រទេសស៊ីរីនិយាយថា យន្តហោះចម្បាំងវាយប្រហារ ខណៈមនុស្សជាច្រើនកំពុងប្រមូលផ្ដុំគ្នាបូងសួងពេលល្ងាច។

F12ទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយថា ភូមិនេះស្ថិតនៅក្នុងផ្នែកមួយដ៏សំខាន់នៃផ្នែកជាច្រើន ត្រួតត្រាដោយក្រុមឧទ្ទាមប៉ែកពាយព្យ រួមទាំងក្នុងខេត្តអ៊ីតលីបនិងខេត្តអាឡេប៉ូភាគខាងលិច ហើយប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះបានបង្ខំចិត្តភៀសខ្លួនចេញ។ ទាហានស៊ីរី និងរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសជាច្រើន លើខេត្តអ៊ីតលីប និងអាឡេប៉ូអំឡុងសង្គ្រាម។ សហរដ្ឋអាមេរិកក៏បានអនុវត្តន៍ការវាយប្រហារ ទៅលើខេត្តទាំងនោះដែរក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដាក់គោលដៅលើក្រុមឧទ្ទាមជីហាតដែលជាសម្ព័ន្ធមិត្ត ក្រុមបង្កភេរវកម្មអាល់កៃដា៕
អត្ថបទ៖ សុខមាន