Manchester United ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ Europa League ទាំង​លំបាក ខណៈ Paul Pogba រង​របួស​

178
Man U 1-0 Rosov

បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានឡើងវគ្គ ៨ ក្រុមចុងក្រោយហើយនៃក្របខណ្ឌ UEFA Europa League តែឆ្លងការប្រកួតមួយដ៏លំបាកទំរាំយកឈ្នះក្រុមរុស្ស៊ី Rostov ខណៈខ្សែបំរើថ្លៃបំផុត Paul Pogba រងរបួស។

Man U 1-0 Rosov
Man U 1-0 Rosov

ការប្រកួតដែលមានការគ្រង់គ្រងបាល់ច្រើនពីក្រុមម្ចាស់ផ្ទះ Manchester United តែពួកគេមិនអាចធ្វើអ្វីបានឡើយ ខណៈដែលខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ស៊ុតបុកបង្គោលទីពីរលើកនៅនាទីទី៥ និង ៣៥។ ឈានចូលវគ្គទីពីរបានតែពីរនាទីខ្សែបំរើបារាំង Paul Pogba ក៏រងរបួសនឹងត្រូវបានសែងចេញ។ ការប្រកួតបន្តទៀតឈានដល់នាទីទី៧០ ខ្សែបំរើប្រយុទ្ធអេស្ប៉ាញ Juan Mata គឺជាអ្នកសំរេចគ្រាប់ជ័យជំនះអោយ Manchester United ឡើងវគ្គ ៨ក្រុមចុងក្រោយដោយឈ្នះសរុបទាំងពីរជើង ២-១ បន្ទាប់ពីស្មើនៅទឹកដីរុស្ស៊ី ១-១ សប្ដាហ៍មុន។

F14
AS Roma 2-1 Olympique Lyon

ក្រឡេកមកមួយគូទៀតក្រុមអ៊ីតាលី AS Roma បើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមបារាំង Olympique Lyon។ ជើងទីមួយសប្ដាហ៍មុននៅទឹកដីបារាំង Lyon បានយកឈ្នះ ៤-២ ដូច្នេះ Roma ត្រូវការយ៉ាងហោចណាស់ពីរ គ្រាប់ដើម្បីឡើងវគ្គបន្ត។ ផ្ដើមការប្រកួតបាន ១៦នាទីក្រុមភ្ញៀវ Lyon ក៏រកគ្រាប់នាំមុខទៅវិញដោយកីឡាករ Mouctar Diakhaby។ តែអរមិនបានប៉ុន្មានផងភ្លាមៗនាទីទី១៧ កីឡាករហូឡង់ Kevin Strootman ក៏រកគ្រាប់តាមស្មើវិញ។ ឈានចូលវគ្គទីពីរក្រុមម្ចាស់ផ្ទះមានសំណាងនាំមុខវិញ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Lucas Tousart មានន័យថា Roma ត្រូវការតែមួយគ្រាប់ទៀតប៉ុណ្ណោះដើម្បីឡើងវគ្គបន្ត។ តែនាទីដែលនៅសល់ ១០នាទីនោះម្ចាស់ផ្ទះ Roma មិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយបានត្រឹមរក្សាលទ្ធផល ២-១ នេះរហូតចប់ការប្រកួតធ្វើអោយ Roma ធ្លាក់ត្រឹមនេះ។

ទស្សនាគូចុងក្រោយនេះក្រុមហូឡង់ Ajax Amsterdam ទទួលភ្ញៀវដាណឺម៉ាក FC Koebenhavn បន្ទាប់ពីជើងទីមួយសប្ដាហ៍មុននៅទឹកដីដាណឺម៉ាក Koebenhavn ឈ្នះ ២-១។ ការប្រកួតជើងទីពីរក្រុមជើងខ្លាំងហូឡង់ Ajax Amsterdam ចាប់ផ្ដើមការប្រកួតពេញដោយជំនឿចិត្ត បន្ទាប់ពី Bertand Traore រកគ្រាប់នាំមុខបានសំរេចនៅនាទីទី២៣ មុនពេលដែល Kasper Dolberg ស៊ុតបាល់ ១១ម៉ែត្រនៅនាទីទី៤៥ មុនចប់វគ្គទីមួយអោយ Ajax នាំមុខ ២-០។ លទ្ធផលនេះក៏រក្សាដល់ចប់ការប្រកួតដែលធ្វើអោយ Ajax បន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ ក្រោយឈ្នះសុរបទាំងពីរជើង ៣-២។ ក្រុមដែលឡើងវគ្គ ៨ក្រុមផ្សេងទៀតមាន Celta Vigo, Besiktas, Genk, Anderlecht និង Schalke៕
អត្ថបទ៖នាង សុភាវុធ