ព្រះរាជអាជ្ញា​តុលាការ​ខេត្តកណ្ដាល ​ប្ដេជ្ញា​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ប្រយោជន៍​ច្បាប់ រដ្ឋ និង សង្គម

305

កណ្ដាល ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ទើបចូលកាន់តំណែង ប្ដេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ច្បាប់ ប្រយោជន៍រដ្ឋ និង ប្រយោជន៍សង្គម ។ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាល ទើបចូលកាន់តំណែង នាពេលនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នាសាលប្រជុំសាលាខេត្តកណ្ដាល ។

លោក លាវ ស្រេង ថ្លែងថា ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺ ជាផ្នែកមួយនៃអភិបាលកិច្ចល្អ ដែលជាបុរេលក្ខណៈសំខាន់បំផុត ដើម្បីធានាឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាពសមធម៌ និង យុត្តិធម៌សង្គម ។

លោកបន្ថែមថា ក្នុងឱកាសចូលកាន់តំណែងជាព្រះរាជអាជ្ញានៃតុលាការខេត្តកណ្ដាល សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំចំនួន៩ចំណុច ក្នុងនោះ ដូចជា ប្រកាន់ភ្ជាប់នូវសម្បជញ្ញៈ មនសិការ និង ឧត្តមគតិខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ និង សហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីជាប្រយោជន៍ទូទាំង ជាដើម ។

ដោយឡែកលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ថ្លែងកោតសរសើរចំពោះលោក លឹម សុគន្ថា ដែលត្រូវបានឡើងតំណែងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលតាមលក្ខន្តិកៈមន្ត្រីរាជការសាធារណៈ គឺ ព្រះរាជអាជ្ញា មានអាណត្តិចំនួន៤ឆ្នាំ តែលោក លឹម សុគន្ថា ទើបកាន់តំណែងបានជាង២ឆ្នាំ ក៏ត្រូវផ្លាស់ប្ដូរតំណែងតែម្តង ៕

 

btvnews(17-03-2016(5))